(ភ្នំពេញ)៖ Wing ដែលជាធនាគារឈានមុខគេ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន យីន កុក ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអាហារ ជាមួយក្រុមហ៊ុនម៉ាកល្បីៗអន្តរជាតិ ដូចជា ហាងកាហ្វេ T&C ភីហ្សាដូមីណូស មាន់បំពងកូរ៉េក្យូឆុន បឺហ្គើរ Lotteria  អាហារ The Asian Kitchen និងហាងនំបុ័ង Tous les Jours ក្នុងការផ្តល់ជូនប្រព័ន្ធទូទាត់ប្រាក់ ដ៏ទំនើបសម្រាប់ទីផ្សារកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់លទ្ធភាពដល់ក្រុមហ៊ុន Wing ក្នុងការផ្តល់ជូនបទពិសោធន៍ នៃការទូទាត់ប្រាក់ដ៏អស្ចារ្យដល់ក្រុមហ៊ុន យីនកុក ដែលធ្វើឲ្យក្រុមហ៊ុនមានភាពពិសេសដាច់គេ ពីក្រុមហ៊ុនប្រកួតប្រជែងដទៃទៀត។ នេះជាបទពិសោធន៍ថ្មីប្លែកមួយកម្រិតទៀត ក្នុងវិស័យសេវាកម្មអាហារ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកក្រុមហ៊ុន Wing បានឲ្យដឹងថា នេះជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់វីង ក្នុងផ្តល់ជូនប្រជាជនកម្ពុជា នូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព ជាពិសេសតាមរយៈក្រុមហ៊ុន យីនកុក ដែលជាបណ្តាញក្រុមហ៊ុននាំយក នូវម៉ាកអន្តរជាតិល្បីៗមកទីផ្សារកម្ពុជា៖ «យើងជឿថា យើងនឹងអាចបន្តសម្រេចបាននូវការបេ្តជ្ញាចិត្តនេះហើយយើង ពិតជាមានមោទនភាព សម្រាប់កិច្ចសហប្រតិបត្តិការនេះ ជាមួយសហគ្រាសឯកជនដូចជាក្រុមហ៊ុន យីនកុក ហើយវីងនឹងបន្តផ្តល់ជូន សេវាកម្មហិរញ្ញវត្ថុ កាន់តែទូលំទូលាយសម្រាប់ទីផ្សារកម្ពុជា»។

លោក គួច សុខលី ជាអគ្គនាយក និងប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន យីនកុក បានថ្លែងថា ភាពជាដៃគូរបស់យើងជាមួយ ក្រុមហ៊ុន Wing បង្ហាញពីការប្ដេជ្ញាចិត្តរបស់យើង ចំពោះអតិថិជនរបស់យើងតាមរយៈការធ្វើឲ្យកាន់តែ មានភាពងាយស្រួលដល់ ពួកគេ ក្នុងការប្រើសេវារបស់ក្រុមហ៊ុន Wing។

លោកបន្ដថា «យើងសម្លឹងឃើញអនាគត ដ៏មានសក្តានុពលក្នុងការពង្រីកខ្លួនរបស់ Wing នៅកម្ពុជា ដែលជាការងាយស្រួលដល់ អតិថិជនធ្វើការចំនាយដោយ មិនចាំបាច់ចាយលុយសុទ្ធ នៅកន្លែងដោយផ្ទាល់ តែពួកគេអាចចំនាយតាមទូរស័ព្ទ និងតាមអនឡាញ ឬតាមបណ្តាញសេវាកម្មផ្សេងៗដែលវីងបានផ្តល់ឲ្យនេះ ជាភាពងាយស្រួលមួយទៀតដែល Wing ដៃគូសហការយើងអាចជួយដល់ ក្រុមហ៊ុនយើងបាន ហើយកិច្ចសហការនេះ ជាការសហការដែលផ្តល់ផលចំនេញទាំងសងខាង ជាពិសេសធ្វើឲ្យអតិថិជនវីង សប្បាយចិត្ត និងអតិថិជនរបស់ក្រុមហ៊ុនយីនកុក សប្បាយចិត្តដូចគ្នា»៕