(ព្រះសីហនុ)៖ វត្តគិរីជលសា(កោះរ៉ុង) ដែលបានកសាងឡើងកាលពីឆ្នាំ១៩៩៣ លើផ្ទៃដីប្រមាណ៥ហិកតា ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គិតរហូតមកដល់ឆ្នាំ២០២២ នេះ មានអាយុកាល២៩ឆ្នាំមកហើយ និងមានព្រះចៅអធិការគ្រប់គ្រង៧អង្គមកហើយដែរ។
ប៉ុន្តែអ្វីជាការចាប់អារម្មណ៍នោះ វត្តនេះមានតែកុដិឈើ១ខ្នង និងសាលាឆាន់សម្រាប់ព្រះគង់នៅតែប៉ុណ្ណោះ ពុំទាន់មានព្រះវិហារ សាលាធម្មសភា ហោត្រ័យ របង ខ្លោងទ្វារ រោងតម្កល់សព រួមទាំងសមិទ្ធិផលផ្សេងៗទៀត ឲ្យមានសោភ័ណភាពដូចជាទីអារាមដ៏ទៃៗទៀតនោះឡើយ។
ដោយសារតែទីនោះជាតំបន់ទេសចរណ៍ ហើយកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបង្កើតទៅជាសង្កាត់ និងក្រុងកោះរ៉ុងផងនោះ បានធ្វើឲ្យកោះមួយនេះកាន់តែមានភាពទាក់ទាញខ្លាំងឡើងថែមទៀត។ ដោយឡែកវត្តគិរីជលសា (កោះរ៉ុង) គឺជាវត្តតែមួយគត់ដែលស្ថិតនៅលើកោះរ៉ុងនេះ ហើយក៏សម្រាប់ជាស្រែបុណ្យនៃប្រជាពលរដ្ឋជាង៩០០គ្រួសាររស់នៅទីនោះធ្វើបុណ្យទាន និងគោរពបូជាទៀតផង។
ស្របពេលនេះដែរ ព្រះគ្រូចៅអធិការវត្ត បានផ្សព្វផ្សាយពីគម្រោងកសាងសមិទ្ធិផលជាច្រើនតាមបែបបទបុរាណនៅក្នុងវត្តមានដូចជា៖ ព្រះវិហារ, របង, ខ្លោងទ្វារ, សាលាឆាន់, ស្ពាន, គូទឹក , កុដិ, ខ្យូស(កញ្ចុះ), សាលាធម្មសភា, សាលហោត្រ័យ, ចេតិយ៍រួម, រោងជួង, រោងតម្កល់សព, ចេតិយ៍, ព្រះពុទ្ធបដិមា, បដិមាសម្ដេចព្រះសង្ឃរាជជួនណាត និងរូបគំនូរជាដើម។ ដូចនេះប្រសិនបើទ្រង់ ឯកឧត្តម លោកឧកញ៉ា អស់លោក លោកស្រី និងសប្បុរសជនទាំងឡាយមានសទ្ធាជ្រះថ្លា អាចអញ្ជើញចូលរួមឧបត្ថម្ភគាំទ្រនៅក្នុងគម្រោងនេះដោយជ្រះថ្លាបំផុត។
ព្រះគ្រូចៅអធិការវត្តព្រះនាមទេព សោភ័ណភារ រ៉ាវី បានមានសង្ឃដិកាប្រាប់ឲ្យអង្គភាពព័ត៌មាន Fresh News ថា គម្រោងសាងសង់សមិទ្ធិផលនៅក្នុងវត្តនេះផ្ដួចផ្ដើមឡើងដោយព្រះអង្គផ្ទាល់ដោយមានការចូលរួមដោយលោក ឡក់ វណ្ណារីន ចៅសង្កាត់កោះរ៉ុង, លោក ស្រេង ហៃសុខ ប្រធានសមាគមអភិរក្សបរិស្ថានក្រុងកោះរ៉ុង, លោក សុផុន សំខាន់ ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិចិត្រសិល្បៈ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, លោក ថៃ ជាវ ប្រធានគណៈកម្មការវត្ត, លោក ពត សារ៉ាន់ អាចារ្យវត្ត, លោក សុទ្ធ វិចិត្រ, លោកឧកញ៉ា សែន ពិសិដ្ឋ, លោក ណែម វិសាល ស្ថាបត្យករ, លោក សោត ម៉ៅម៉ាន មេភូមិព្រែកស្វាយ។
ព្រះអង្គបានមានសង្ឃដិកាឲ្យដឹងបន្ថែមថា សមិទ្ធិផលទាំងអស់ខាងលើ នឹងសាងសង់ឡើងតាមរចនាបទបុរាណ ដែលរចនាប្លង់ឡើងដោយលោក សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យវិចិត្រសិល្បៈ នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ។
តាមគម្រោងសមិទ្ធិទាំងឡាយ នឹងត្រូវបំពាក់គ្រឿងលម្អ ក្បូរក្បាច់រនាតាមក្បួនខ្នាត និងរចនាបទខ្មែរ ដែលបង្ហាញឲ្យឃើញពីប្រវត្តិសាស្រ្ត ប្រពៃណីទំនៀមទម្លាប់ និងវត្តខ្មែរយើង។ មិនតែប៉ុណ្ណោះមានគោលបំណងដើម្បីឲ្យវត្ត មានសោភ័ណភាព ជាពិសេសពង្រីកការផ្សព្វផ្សាយព្រះពុទ្ធសាសនានៅតំបន់ឆ្ងាយពីក្រុងមួយនេះផង ហើយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។
ជាងនេះទៀត ក៏ដើម្បីជាថ្នាលអប់រំដល់នាមកជនទូទៅជាពិសេសក្មេងៗ យុវជនៗ គ្រប់ជំនាន់ឲ្យដឹង និងចូលរួមថែរក្សាប្រពៃណីព្រះពុទ្ធសាសនាខ្មែរដែលជាសាសនារបស់រដ្ឋ៕