(កណ្ដាល)៖ ក្រោយផ្ទុះរឿងមន្ត្រីអាជ្ញាធរស្រុកកៀនស្វាយ ចុះទៅចាប់គ្រឿងចក្ររបស់ឧកញ៉ា ឡោក ហ៊ួរ ធ្វើសកម្មភាពកាយដីអត់សុំច្បាប់ និងក្រសួងរៀបចំដែនដីដាក់ឈ្មោះឧកញ៉ា ឡោក ហ៊ួរ នៅក្នុងបញ្ជីខ្មៅ ព្រោះតែមានពាក់ព័ន្ធនឹងជំលោះដីធ្លីជាមួយប្រជាពលរដ្ឋច្រើនរួចមក ស្រាប់តែអ្នកស្រី ហែម សុភាព ប្រធានអង្គការកាំហ្វិត តំណាងឲ្យប្រជាពលរដ្ឋរស់នៅក្នុងស្រុកកៀនស្វាយ ៨៥៦គ្រួសារ បានកាន់ឯកសារមួយកំភ្លូសធំ មករៀបរាប់ថាឧកញ៉ា ឡោក ហ៊ួរ បានរំលោភយកដីរបស់អង្គការគាត់ទុកសំរាប់ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៨៥៦គ្រួសារ នៅក្នុងស្រុកកៀនស្វាយតាំងពីឆ្នាំ២០០៥មកម្ល៉េះ រហូតមកដល់ពេលនេះរឿងក្ដីកំពុងនៅក្នុងដៃតុលាការចាត់ការនៅឡើយតែដោយសារ ឧកញ៉ាឡោក ហ៊ួរ មានលុយ និងអំណាចបានរត់ការរហូតទទួលបានប័ណ្ណកម្មសិទ្ធិទាំងដីកំពុងជាប់បណ្ដឹង និងដីការក្សាការពារនៅតុលាការទៀតផង។
អ្នកស្រី ហែម សុភាព បានរៀបរាប់ពីដំណើររឿងឧកញ៉ា ឡោក ហ៊ួរ រំលោភបំពានយកដីរបស់អង្គការ ១០០០ហិកតាឲ្យដឹងថា ដើមឡើយ នៅឆ្នាំ១៩៩៨ អង្គការកាំហ្វិតបានធ្វើសំណើទៅអាជ្ញាធរដើម្បីស្នើសុំស្ដារដី២០០០ហិកតា ដែលជាប្រភេទដីកសិកម្មរិចរិលមានទីតាំងនៅក្នុងភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក និងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលដើម្បីធ្វើការអភិវឌ្ឍន៍ទុកចែកជូនប្រជាពលរដ្ឋក្នុង និងក្រៅភូមិសាស្ត្រដែលមានជីវភាពក្រីក្រ អ្នករស់នៅសំណង់អនាធិបតេយ្យ និងអត់ដីបង្កបង្កើនផលជាដើម។ ក្រោយមកអាជ្ញាធរស្រុកដែលមានលោក ប៉ិច លាងហ៊ី ជាអភិបាលស្រុកជំនាន់នោះបានឯកភាពប្រគល់ ដី១០០០ហិកតាឲ្យមកខាងសមាគមគ្រប់គ្រងនិង១០០០ហិកតាទៀតប្រគល់ឲ្យអាជ្ញាធរស្រុកគ្រប់គ្រង តែបំរើឲ្យគោលដៅដូចគ្នាគឺទុកចែកជូនប្រជាពលរដ្ឋក្រីក្រ និងអ្នកអត់ដីបង្កបង្កើនផល។
លុះនៅឆ្នាំ២០០៥ ស្រាប់តែឧកញ៉ា ឡោក ហ៊ួរ បានទៅរំលោភបំពានដោយប្រើកំលាំងប្រដាប់អាវុធកាន់កាប់ដោយខុសច្បាប់ទាំងស្រុងហើយរារាំងមិនអោយខាងអង្គការ និងប្រជាពលរដ្ឋចូលទៅធ្វើស្រែចំការនៅលើដីរបស់អង្គការនោះឡើយ។ ការចូលកាន់កាប់លើដីអង្គការទាំងបំពាននេះ ត្រូវបានអ្នកស្រី ហែម សុភាព អះអាងថាដោយសារតែឧកញ៉ា ឡោក ហ៊ួរ កាលនោះក្នុងនាមលោកជាទីប្រឹក្សា និងជានាយករងខុទ្ទកាល័យសម្ដេចជា សុីម ប្រធានព្រឹទ្ធសភា ត្រូវបានខាងខុទ្ទកាល័យចេញលិខិតបេសកកម្មអោយលោកចុះទៅទំនាក់ទំនងជាមួយរដ្ឋអំណាច និងត្រួតពិនិត្យអំពីបញ្ហាដីតំបន់អភិវឌ្ឍន៍សម្ដេច ជា ស៊ីម ស្រែអំពិល ឃុំសំរោងធំ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏ប្រើល្បិចចូលចាប់យកដីរបស់អង្គការតែម្ដងទៅ ខណៈទីតាំងដីរបស់អង្គការ និងដីអភិវឌ្ឍន៏សម្ដេចជា សុីម ស្រែអំពិលគឺស្ថិតនៅខុសគ្នាទាំងស្រុងនោះ។ ដោយឡែកដី១០០០ហិកតាទៀត ដែលគ្រប់គ្រងដោយអាជ្ញាធរស្រុក ក៏ត្រូវបានគេឃុបឃិតគ្នាលក់អោយឧកញ៉ា ឡោក ហ៊ួរ ផងដែរក្នុងតំលៃ២២ម៉ឺនដុល្លារ កាលសម័យលោក មុំ មិន ឡើងធ្វើជាអភិបាលស្រុកកៀនស្វាយ តាមរយៈកូតាគណបក្ស ហ្វ៊ុន ស៊ិនប៉ិច ហើយកាលនោះមន្ត្រីអាជ្ញាធរ ចំណុះឲ្យស្រុកក៏នាំគ្នាប្ដឹងលោក មុំ មិន រឿងលក់ដីរួមដោយអត្តនោម័តនេះផងដែរ។
អ្នកស្រី ហែម សុភាព បានរៀបរាប់បន្ថែមថាក្រោយឧកញ៉ា ឡោកហ៊ួរ រំលោភយកដីរបស់អង្គការទាំងបំពានមកអ្នកស្រី ក៏បានដាក់ពាក្យបណ្ដឹងទៅរាជរដ្ឋាភិបាល រដ្ឋសភា និងប្ដឹងទៅតុលាការដើម្បីស្វែងរកយុត្តិធម៌ ទាមទារយកដីអង្គការមកវិញ តែដោយសារឧកញ៉ា ឡោក ហ៊ួរ មានលុយ និងអំណាចបានប្រើល្បិចនិងវិធីផ្សេងៗប្ដឹងរហូតតុលាការចេញដីកាចាប់ខ្លួនបុគ្គលិកអង្គការមួយចំនួនរហូតលែងហ៊ាននាំគ្នាតវ៉ាប្រឆាំងតទៅទៀត។
លុះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ អង្គការបានប្ដឹងទៅរដ្ឋសភាសារជាថ្មី ដើម្បីឲ្យជួយអន្តរាគមន៍ទៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីអោយជួយអន្តរាគមន៍តែមិនមានលទ្ធផលទើបនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១១ សម្ដេចតេជោ បានចារនៅលើពាក្យបណ្ដឹងរបស់អង្គការជូនទៅលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ពិនិត្យដោះស្រាយ។ ក្រោយមកទើបអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីធ្វើសកម្មភាពចុះពិនិត្យ ប៉ុន្តែពុំបានសើុបអង្កេតអោយបានដិតដល់រកភាពត្រឹមត្រូវតាមអង្គហេតុនោះទេ បែរជាអោយមន្ត្រីបច្ចេកទេសអសមត្ថភាព ដែលឃុបឃិតគ្នានិងទទួលលាភសក្ការៈពីឧកញ៉ា ឡោក ហ៊ួរ ធ្វើរបាយការណ៏ក្លែងបន្លំសាច់រឿងបំភ័ន្តថ្នាក់ដឹកនាំអោយសំរេចចិត្តខុសពីការពិត រហូតចេញ ស.ជ.ណ លេខ៤១៥ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១២ប្រគល់សិទ្ធិជូនឧកញ៉ា ឡោក ហ៊ួរ បន្តគ្រប់គ្រងចាត់ចែង និងអាស្រ័យផលលើផ្ទៃដីទំហ៊ំ២០០០ហិកតានោះទៅវិញ។ ចំណែកឯសំណើសុំរបស់ប្រជាពលរដ្ឋត្រូវបានបដិសេធចោល ដែលករណីនោះគឺផ្ទុយពីកម្មវត្ថុបណ្ដឹងរបស់ប្រជាពលរដ្ឋប្ដឹងសុំ និងប្រមុខរាជរដ្ឋាភិបាលចារអោយដោះស្រាយ បែរជាដោះស្រាយតាមរបៀបយកដីពីដើមបណ្ដឹងទៅប្រគល់អោយចុងបណ្ដឹងទៅវិញ។ លុះនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ អង្គការដែលតំណាងអោយប្រជាពលរដ្ឋ៨៥៦គ្រួសារ បានធ្វើលិខិតប្ដឹងទៅក្រសួងរៀបចំដែនដី ជួយចាត់វិធានការទប់ស្កាត់ការចេញប័ណ្ណលើដីខាងលើនេះតែក្រសួងបែរជាចេញលិខិតឆ្លើយតបថា មិនអាចទប់ស្កាត់បានទេ ទាល់តែមានដីការក្សាការពារពីតុលាការ ទើបខាងអង្គការបានដាក់បណ្ដឹងទៅតុលាការសុំដីការក្សាការពារ ហើយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ សាលាដំបូងខេត្តកណ្ដាលបានចេញដីការក្សាការពារលេខ២២៩ ដកសរ\០១៣ លើផ្ទៃដីទំហ៊ំ១០០០ហិកតា របស់អង្គការកាំហ្វិត។ ប៉ុន្តែបែរជានៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ មន្ទីររៀចំដែនដីខេត្តកណ្ដាលចេញប័ណ្ណកម្មសិទ្ធិលើដី២០០០ហិកតាដោយក្នុងនោះមានដី១០០០ហិកតារបស់អង្គការកាំហ្វិត អោយទៅឧកញ៉ា ឡោក ហ៊ួរ បំពានលើដីការក្សាការពាររបស់តុលាការទៅវិញ។
ក្រោយមកទៀតសាលាដំបូងខេត្តកណ្ដាល បានចេញដីកាលេខ០៩៧ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ដោយស្នើអោយមន្ទីររៀបចំដែនដីខេត្តកណ្ដាលចាត់មន្ត្រីជំនាញចុះវាស់វែង គូសប្លង់ដីទំនាស់ និងបញ្ជាក់ពីប្រភេទដី១០០០ហិកតា របស់អង្គការកាំហ្វិតក្នុងភូមិជ័យឧត្តម ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅថ្ងៃទី១៧ ខែមិថិនា ឆ្នាំ២០១៤ ទើបមន្ទីររៀបចំដែនដីចាត់មន្ត្រីជំនាញចុះវាស់វែងតាមដីកា តែត្រូវខាងឧកញ៉ា ឡោក ហ៊ួរ គេចវេសមិនចូលរួម ថែមទាំងប្រើកូនចៅជាជើងកាងទៅរារាំងហាមឃាត់មន្ត្រីជំនាញមិនអោយចូលវាស់វែងទៅវិញ។
បច្ចុប្បន្នដីទំនាស់ខាងលើត្រូវបានឧកញ៉ា ឡោក ហ៊ួរ ធ្វើការឈូសឆាយជួលទៅអោយអ្នកដ៏ទៃធ្វើស្រែចំការទាំងរឿងក្ដីនេះកំពុងមានបណ្ដឹងនៅតុលាការនៅឡើយ។ មិនតែប៉ុណ្ណោះឧកញ៉ា ឡោក ហ៊ួរ មិនត្រឹមតែរំលោភបំពានយកតែដីរបស់អង្គការកាំហ្វិតប៉ុណ្ណោះទេ គឺរំលោភបំពានយកដីប្រជាពលរដ្ឋផ្សេងៗទៀតជាច្រើនតាំងពីស្រុកកៀនស្វាយរហូតដល់ស្រុកស្អាងទាំងដីស្រែចំការទាំងដីបឹងដែននេសាទសាធារណៈ ក្រោមរូបភាពអោយប្រជាពលរដ្ឋតាំងខ្លួនជាម្ចាស់ហើយផ្ដិតមេដៃលក់អោយក្នុងតំលៃថោកៗជាដើម បង្កអោយមានទំនាស់ និងប្រជាពលរដ្ឋមានការថ្នាំងថ្នាក់យ៉ាងខ្លាំងមកលើអាជ្ញាធរ និងរាជរដ្ឋាភិបាល ព្រោះឧកញ៉ា ឡោក ហ៊ួរត្រូវបានគេស្គាល់ថាជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជន បែរជាមានឈ្មោះទៅរំលោភយកដីប្រជាជនទៅវិញរហូតក្រសួងរៀបចំដែនដីសម័យលោកជា សុផារ៉ា ចុះឈ្មោះក្នុងបញ្ជីខ្មៅអ្នកមានរឿងដីធ្លីច្រើនជាងគេ។ ប៉ុន្តែកន្លងមកឧកញ៉ា ឡោក ហ៊ួរ ធ្លាប់ប្រាប់ Fresh News ថាដីរបស់ លោកសុទ្ធតែ មានកម្មសិទ្ធិ និងមានច្បាប់ត្រឹមត្រូវ៕