(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអបអរសាទរ ទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩។ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មាន។
ទិវានេះរៀបចំឡើងដោយក្រសួងព័ត៌មាន ក្នុងន័យដើម្បីលើកស្ទួយសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងការលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលកំពុងតែបំពេញភារកិច្ចលើវិស័យព័ត៌មាននៅកម្ពុជា និងនៅលើសកលលោក ព្រមទាំងបង្កើនភាពស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំក៏ដូចជាអ្នកនាំពាក្យ ជាមួយអ្នកសារព័ត៌មាន។
ទិវាសេរីភាពសារព័ត៌មាន សកលលោកលើកទី២៩ នឹងមានការចូលរួមពីលោក ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា, លោកស្រី Sarmen Moerno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, តំណាងស្ថានទូតស៊ុយអែត ប្រចាំកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន នៅសណ្ឋាគារសុខាភ្នំពេញ។
យោងតាមរបៀបវារៈ តំណាងក្រសួងព័ត៌មាននឹងអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរទិវាសេរីភាពសារព័ត៌មាន សកលលោកលើកទី២៩ នាថ្ងៃទី៣ ខែឧសភា៕