(ភ្នំពេញ)៖ គណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យចូលរួមក្នុងសម័យប្រជុំលើកទី៩០ របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ (អ.ស.ប) ដើម្បីការពាររបាយការណ៍ជាតិលើកទី៤ ទី៥ ទី៦ ស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គណៈប្រតិភូនេះ ជាគណៈប្រតិភូអន្តរក្រសួង ដែលដឹកនាំដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នឹងដឹកនាំគណៈប្រតិភូកម្ពុជា។

របាយការណ៍ជាតិដែលត្រូវផ្តល់កិច្ចការពារចំពោះមុខគណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំលើកទី៩០នេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែឧសភា ឆ្នាំ២០២២ ដែលកម្ពុជាត្រូវធ្វើបទបង្ហាញលើរបាយការណ៍ជាតិទី៤ ទី៥ និងទី៦ និងឆ្លើយនឹងសំណួរផ្សេងៗ ដែលគណៈកម្មាធិការបានត្រៀមរួចជាស្រេច និងមាន
ពេល៤៨ម៉ោងទៀត សម្រាប់ការធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ។ គណៈកម្មាធិការ នឹងផ្តល់នូវអនុសាសន៍ ល្អៗសម្រាប់ការបន្ត ដើម្បីធ្វើឲ្យការអនុវត្តសិទ្ធិកុមារនៅកម្ពុជា កាន់តែបានប្រសើរឡើងបន្ថែមទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយបេះដូងមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានតម្កល់ឧត្តមប្រយោជន៍កុមារ ដែលជាធនធានបន្តវេនប្រកបដោយសក្ដានុពលជាធំ និងបានចុះហត្ថលេខាទទួលយកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី សិទ្ធិកុមារ និងផ្តល់សច្ចាប័នតាំងពីឆ្នាំ១៩៩២ ដោយឥតលក្ខខណ្ឌ និងពិធីសារបន្ថែម នៃអនុសញ្ញាសិទ្ធិកុមារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ក្នុងឆ្នាំ២០០២ ដោយបានធ្វើរបាយការណ៍ជាតិលើកដំបូង ពីឆ្នាំ១៩៩៤-១៩៩៦ ក្នុងឆ្នាំ១៩៩៧ ជូនទៅគណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ និងរបាយការណ៍តាមកាលកំណត់រៀងរហូតមក។

កុមារកម្ពុជា ត្រូវបានទទួលការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាំងពីនៅក្នុងផ្ទៃ រហូតដល់ធំពេញវ័យ និងទទួលបានកិច្ចការពារ និងអភិវឌ្ឍន៍ឥតឈប់ឈរ ដោយគោលនយោបាយ ច្បាប់ជាតិ និងអន្តរជាតិ និងបើកទូលាយឲ្យមានកិច្ចសហការពីបណ្ដាអង្គការជំនាញឯកទេស ក៏ដូចជាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចូលរួមអនុវត្តសកម្មភាពផ្ដល់កិច្ចការពារកុមារនៅគ្រប់ទីកន្លែង គ្រប់ស្ថានភាព គ្រប់ដំណាក់កាល រួមទាំងកុមារមានពិការភាព កុមារត្រូវបានបោះបង់ កុមារកំព្រាគ្មានទីពឹង និងកុមារដែលងាយរងគ្រោះដទៃទៀតយ៉ាងយកចិត្តទុកដាក់។

គិតមកដល់ឆ្នាំ២០១៨ កម្ពុជា ដែលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ បានផ្ញើរបាយការណ៍ជាតិ ជូនទៅអង្គការសហប្រជាជាតិ តាមកាលកំណត់ប្រាំឆ្នាំម្តង ដល់របាយការណ៍លើកទី៦ហើយ ដោយបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពីការស្ដារ និងពង្រឹងឡើងវិញនូវការគោរព និងអនុវត្តសិទ្ធិកុមារ ជាពិសេសសិទ្ធិមូលដ្ឋានទាំងបួនរបស់កុមារ ដែលជាសិទ្ធិមនុស្សមិនអាចខ្វះបាន។

រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ លើកកម្ពស់ការអនុវត្តសិទ្ធិកុមារឲ្យបានកាន់តែល្អប្រសើរជាដាច់ខាត៕