Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច ហេង សំរិន ស្វាគមន៍ចំពោះការពង្រឹង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសទីម័រខាងកើត

12-05-2016 12:30

(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ បានលើកឡើងស្វាគមន៍ពីការពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសទីម័រខាងកើត។ ការលើកឡើងរបស់សម្តេច ហេង សំរិន បានធ្វើឡើងក្នុង ជំនួបជាមួយលោកស្រី ហ្វិលិស បាដាត ឯកអគ្គរដ្ឋទូតថ្មីប្រទេសទីម័រខាងកើត នៅវិមានរដ្ឋសភា។

សម្ដេច ហេង សំរិន បានសម្ដែងនូវការគាំទ្រចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសម្ដេចបានលើក ឡើងថា «វត្តមានរបស់លោកស្រី ជាផ្នែកមួយនៃការរីកចម្រើនក្នុងទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយខ្ញុំ សង្ឃឹមថាប្រទេសទីម័រខាងកើត នឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យកាន់ល្អប្រសើ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង»។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោកស្រី ហ្វិលិស បាដាត ក៏បានឱ្យដឹងថា ក្នុងនាមលោកស្រីជាឯកអគ្គរដ្ឋទូត លោកស្រីនឹង ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព  ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងសហប្រតិបត្តិការ ឱ្យកាន់ខ្លាំងក្លារវាងប្រទេស ទាំងពីរ ហើយធ្វើយ៉ាងណាខិតខំបង្កើនភាពជិតស្និទជាមួយរដ្ឋសភាកម្ពុជា ដើម្បីជម្រុញឱ្យមានភាពជិតរវាង សភារបស់ ប្រទេសទាំងពីរ។

សម្ដេច ហេង សំរិន ក៏បានសម្ដែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះវត្តមានលោកស្រី ហ្វិលិស បាដាត ដែលត្រូវបានរដ្ឋាភិបាល ទីម័រខាងកើត តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។

សូមជម្រាបថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសុំចូលជាសមាជិកអាស៊ានក្រោយគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រទេសនេះ បានដាក់លិខិតស្នើសុំទៅអគ្គលេខាធិការអាស៊ាន កាលពីខែមីនា ឆ្នាំ២០១៦ កន្លងទៅតែមិនទាន់ចូលជា សមាជិកពេញសិទ្ធិនោះទេ៕