(ក្រចេះ)៖ ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាព របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាលនោះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនចាស់ឥតទីពឹង អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន និងជនទីទ័លក្រ សរុបចំនួន៣០៦គ្រួសារ រស់នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
ជាក់ស្តែង នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយ មនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន១១២គ្រួសារ នៅទីតាំងចំនួន២កន្លែង គឺទីតាំងទី១៖ សម្រាប់ប្រជាពលរដ្ឋ៤៧គ្រួសារ រស់នៅភូមិវាលកន្សែង ឃុំកំពង់ដំរី, ទីតាំងទី២៖ សម្រាប់ប្រជាពលរដ្ឋ ៦៥គ្រួសាររស់នៅភូមិបុស្ស ឃុំដំរីផុង។
បន្ទាប់មកក្រុមការងារ បន្តនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារចាស់ជរា និងស្ត្រីមេម៉ាយ ដែលមានជំងឺរាំរៃមានជីវភាពខ្វះខាតនៅតាមខ្នងផ្ទះ ចំនួន៦គ្រួសារផងដែរ។ ដោយឡែក នៅថ្ងៃស្អែកក្រុមការងារ និងធ្វើការចែកចាយទៅដល់ដៃប្រជាពលរដ្ឋ ដែលជួបការលំបាកបន្តទៀត។
នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកវេជ្ជ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលាគ្រប់ទីកន្លែង។
លោកវេជ្ជ អ៊ុយ សំអាត បានបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ ឲ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង ស្វែងរកប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាក ជូនប្រជាពលរដ្ឋដែលត្រូវការ ឲ្យជួយជាចាំបាច់ទៅដល់ខ្នងផ្ទះ ដោយមិនទុកនរណាម្នាក់ចោលឡើយ»។
ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជ អ៊ុយ សំអាត បានគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជទ្រព្យរបស់ព្រះករុណា និងហ្លួងម៉ែ ដែលបានឧបត្ថម្ភ ជារៀងរាល់ខែ និងក្នុងពិធីផ្សេងៗ ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លា ជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឲ្យកាកបាទក្រហមកម្ពុជា អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់។
ថ្លែងក្នុងឱកាសនោះដែរ លោកវេជ្ជ អ៊ុយ សំអាត បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់យើង។
ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឲ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង បានធ្វើឲ្យយើងអាចទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩បាន ហើយអាចបើកឱកាសឲ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ហេតុដូចនេះ យើងត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាព សាមគ្គីភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍ និងភាពសុខដុមរមនាក្នុងក្រុមគ្រួសារ។
បងប្អូនប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមជូនពរសម្តេចទាំងទ្វេ មានសុខភាពល្អ ជន្មាយុយឺនយូរ ដេីម្បីផ្តល់ភាពកក់ក្តៅ និងដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។
សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ជែលលាងដៃ ២ដប និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត។ ដោយឡែកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយនិងជនមានពិការភាព មានជីវភាពខ្វះខាតទទួលបានថវិកា ចំនួន ២ម៉ឺនរៀលបន្ថែមផងដែរ៕