(ក្រចេះ)៖ សហគមន៍អេកូទេសចរណ៍មានទីតាំងស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលពោរពេញដោយសក្ដានុពលសម្បូរបែបលើវិស័យទេសចរណ៍ ពិសេសគឺនៅតាមដងទន្លេ ដូចជា បណ្ដាកោះ ព្រៃលិចទឹក សត្វស្លាប ភូមិជនជាតិដើមភាគតិច ព្រៃសហគមន៍ ម្ហូបអាហារ ចម្ការដំណាំរបស់អ្នកភូមិជាដើម។

លោក ឃុត សំអុល ប្រធានសហគមន៍អេកូទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរអាចបោះតង់សម្រាកកម្សាន្តនៅលើកោះមួយណាក៏បាន ហើយទទួលអាហាររបស់ប្រជាសហគមន៍យ៉ាងឆ្ងាញ់ពិសា។ ក្រៅពីនេះភ្ញៀវទេសចរអាចជិះទូកកាណូតតាមដងទន្លេ ងូតលេងនឹងទឹកទន្លេ ដើរក្នុងព្រៃសហគមន៍ ស្ទួចត្រី បង់សំណាញ់ ទស្សនាថ្ងៃរៀបលិច-ថ្ងៃរះ ជីកចង្រិត ចាក់ច្រែងជាដើម គឺសុទ្ធតែជាផលិតផលទេសចរណ៍ដែលភ្ញៀវទេសចរអាចទទួលយកក្នុងពេលមកលេងសហគមន៍អេកូទេសចរណ៍សាមសិប។

លោក ឃុត សំអុល បានបន្តថា ពិសេសលើសពីនេះ គឺការដើរកម្សាន្ត-មើលសត្វស្លាបក្នុងព្រៃសហគមន៍នៅលើកោះរងាវ ជាកោះដែលធំជាងគេនៅតាមដងទន្លេមេគង្គ។ គ្រាន់តែសត្វស្លាបនៅសហគមន៍នេះគឺមានរហូតដល់ជិត២០០ប្រភេទ នេះបើតាមការរកឃើញពីអ្នកជំនាញសត្វស្លាប។

ម្យ៉ាងទៀត លោកប្រធានសហគមន៍ក៏លើកទឹកចិត្តឱ្យភ្ញៀវទេសចរចូលទៅក្នុងភូមិជនជាតិដើមភាគតិច ដូចជា ជនជាតិកួយ ជនជាតិពូនងជាដើម ដើម្បីឈ្វេងយល់អំពីការរស់នៅ និងផលិតផលរបស់ជនជាតិដើមដែលពួកគាត់ផលិតបាន។

គួរជម្រាបថា សហគមន៍អេកូទេសចរណ៍កោះសាមសិបត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមការជួយជ្រោមជ្រែងពីអង្គការ NTFP-EP Cambodia និងគាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងស៊ុយអែត ព្រមទាំង USAID៕

ខាងក្រោមនេះជារូបទេសភាពមួយចំនួនសហគមន៍អេកូទេសចរណ៍កោះសាមសិប៖