(រតនគិរី)៖ មន្ត្រីជំនាញអាវុធហត្ថខេត្តរតនគិរី សហការជាមួយអាជ្ញាធរក្រុងបានលុង នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ។

កម្មវិធីនេះ ចូលរួមជាគណៈអធិបតីក្នុងកម្មវិធីនេះ ដោយលោកវរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរងទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តរតនគិរី, លោក ខៃ ស៊ានឃាន់ អភិបាលររងក្រុងបានលុង និងមានការចូលរួមពីតំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី ព្រមទាំងសិស្សានុសិស្សជាច្រើននាក់។

លោក ខៃ ស៊ានឃាន់ បានកោតសរសើរមន្ត្រីជំនាញអាវុធហត្ថខេត្ត សហការជាមួយអាជ្ញាធរក្រុងបានលុងរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានលោក លោកស្រី សិស្សានុសិស្សដែលចំណាយពេលវេលាដ៏មមាញឹកចូលរួមញ៉ាំងកម្មវិធីនេះ ប្រព្រឹត្តទៅយ៉ាងឱឡារិក។

លោក ខៃ ស៊ានឃាន់ បន្តថា គ្រឿងញៀនបានជៈឥទ្ធិពលដល់សង្គមជាតិយ៉ាងខ្លាំង ដែលបង្កបញ្ហាស្មុគ្រស្មាញអសន្តិសុខសង្គម និងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាតិដូច្នេះទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការ និងប្តេជ្ញាចិត្តដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនមានលក្ខណៈទ្រង់ទ្រាយធំ ក្នុងការបង្ក្រាបទប់ស្កាត់និងឈានដល់ការលុបបំបាត់ការចរាចរការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។

បន្ថែមលើនេះទៀត លោកអភិបាលរងក្រុងបានលុងបានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស និងក្មួយៗត្រូវខិតខំរៀនសូត្រ និងថែរក្សាសុខភាព អនាម័យ ឲ្យបានល្អ និងត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល៣កុំនិង៣ការពារ និងបន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកម្មវិធីដែលក្រសួងនិងរដ្ឋបាលខេត្តបានដាក់ជូន។

លោកវរសេនីយ៍ឯក កង សារ៉េត លើកឡើងថា ការផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺក្នុងគោលបំណងឲ្យយល់ដឹងផលប៉ះពាល់គ្រឿងញៀន ជូនដល់សិស្សានុសិស្សឲ្យបានជ្រួលជ្រាបពីឥទ្ធិពលគ្រឿងញៀន ព្រោះវាបង្កផលប៉ះពាល់ដល់សុខភាពសង្គម និងដើម្បីបញ្ជៀសនៃការប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមទូទៅផងដែរ៕