(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការងាដោះស្រាយផលប៉ះពាល់ទីតាំងស្ថាបនាស្ថានីយ៍ជញ្ជីងថ្លឹង យានយន្តលើសទម្ងន់១កន្លែងទៀត ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលមានទីតាំងនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកទីប្រឹក្សាបច្ចេកទេសគម្រោង លោកអនុប្រធាននាយកដ្ឋានដោះស្រាយផលប៉ះពាល់ទី២ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលស្រុកថ្មគោល ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីធ្វើការពិភាក្សារួចមក លោក សុខ លូ បានលើកឡើងថា ដោយសារតែទីតាំងចាស់មានផលប៉ះពាល់ច្រើន ជាពិសេសប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន ដូចនេះដើម្បីចៀសវាងផលប៉ះពាល់ជាអតិបរិមា និងដើម្បីកាត់បន្ថយ ការចំណាយថវិកាជាតិ លោកបានឯកភាពក្នុងការរកទីតាំងថ្មី ក្នុងការស្ថាបនាស្ថានីយ៍ជញ្ជីងថ្លឹងយានយន្តលើសទម្ងន់ ដើម្បីងាយស្រួលក្នុងការដោះស្រាយផលប៉ះពាល់ ដោយមិនមានភាពស្មុគស្មាញ និងមិនឲ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋ ធ្វើឲ្យការដោះស្រាយកាន់តែឆាប់រហ័សផងដែរ ពន្លឿនដល់ការសាងសង់។

លោកបានណែនាំដល់ក្រុមការងារបច្ចេកទេស ធ្វើការសិក្សាឲ្យបានច្បាស់លាស់អំពីទីតាំង និងការសាងសង់ច្រកចេញចូលផងដែរ និងព្រមទាំងធ្វើសំណើរដល់ក្រសួងពាក់ព័ន្ធ ដើម្បីសុំធ្វើការឯកភាពក្នុងការផ្លាស់ប្ដូរទីតាំងថ្មីនេះ៕