(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារគ្រឿងញៀន បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះថា ជនជួញដូរគ្រឿងញៀនជនជាតិនីហ្សេរីយ៉ា ចំនួន២នាក់ ត្រូវបានបង្ក្រាប និងចាប់ខ្លួន ហើយអ្វីដែលនឹកស្មានមិនដល់នោះ គឺគ្រឿងញៀន ប្រភេទកាកូអីុន ជាង១គីឡូក្រាមត្រូវបានពួកនេះ លេបចូលក្នុងពោះ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ជនជួញដូរគ្រឿងញៀនទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ ក្រោយបង្ក្រាបបាន នៅព្រលានយន្តហោះអន្តរជាតិ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានបញ្ជាក់ថា «អនុវត្តន៍តាមបទបញ្ជាររបស់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារផ្ទាល់របស់ខ្ញំ និងលោក ខៀវ សាម៉ន ព្រមទាំងការសម្របសម្រួលរបស់ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានី នៅវេលាម៉ោង ១៥ម៉១៥ នាទី ថ្ងៃទី ៩ ឧសភា ឆ្នាំ២០១៦ កម្លាំងជំនាញរបស់ មន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយ អង្គភាពគយនិងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចាប់ឃាត់ខ្លួន ជនជាតិនីហ្ស៊េរីយ៉ា ២នាក់»។
លោកបានបន្តទៀតថា ជនសង្ស័យទី១ឈ្មោះ 0KAFOR IFEANYI ANTHONY និងទី២ឈ្មោះ ADIBE PASCHAL។
បន្ទាប់ពីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រកឃើញនិងដកហូត ថ្នាំញៀនប្រភេទ កាកូអ៊ីន ចំនួន ៧០ ដុំ ទម្ងន១២៧៧ក្រាម៤១ ដែលជនល្មើស លេបលាក់ទុកក្នុងពោះ៕