(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិភាពសុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។
លោក ម៉ែន វិបុល បានថ្លែងទៅកាន់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ និងផ្តាំផ្ញើនូវចំណុចសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖
*១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងទាំងអស់ ត្រូវអនុវត្តនូវរាល់តួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមផែនការដែលបានដាក់ចេញ ទាំងនៅក្នុងពេលឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ជាពិសេសត្រូវបង្កលក្ខណៈងាយស្រួល និងផ្ដល់សេវាសន្តិសុខដល់គ្រប់គណបក្ស នយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងគ្មានការរើសអើង។
*២៖ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដាច់ខាតត្រូវពង្រឹងការការពារសន្តិសុខឲ្យបាន ហ្មត់ចត់បំផុត និងត្រូវចាត់វិធានការតាមច្បាប់ឲ្យបានតឹងរ៉ឹងលើសកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត។
*៣៖ អាជ្ញាធរដែនដី និងមេបញ្ជាការកងកម្លាំងទាំង៣ ត្រូវយកចិត្តទុកដាក់តាមដានសភាពការណ៍ និងការប្រែប្រួលឲ្យបានទាន់ពេល ដើម្បីសហការជាមួយគណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់ថ្នាក់ មានវិធានការអប់រំ បំភ្លឺជូនមហាជនឲ្យបានយល់ពីហេតុការណ៍ ដែលបានកើតឡើង និងចំណាត់ការរបស់សមត្ថកិច្ច ដើម្បីឲ្យគេទាំងអស់គ្នារក្សាបាននូវភាពស្ងប់ស្ងាត់ហ្នឹងហ្ន ដោះស្រាយបញ្ហាដោយសន្តិវិធី និងទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
*៤៖ អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការនៅនឹងកន្លែងឲ្យបាន រហ័សបំផុតទៅលើហេតុការណ៍ និងឧបទ្ទវហេតុផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន សំដៅទប់ស្កាត់ សកម្មភាពបំពុលបរិយាកាស ឬកេងប្រវ័ញ្ចខាងផ្នែកនយោបាយពី មជ្ឈដ្ឋានមួយចំនួន។
*៥៖ មេបញ្ជាការកងកម្លាំងទាំងបី និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំ ផែនការលម្អិតដោយឡែក យោងតាមតួនាទីភារកិច្ច និងការទទួលខុសត្រូវ ដែលមានកំណត់ក្នុងផែនការរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ដើម្បីចាត់ចែងអនុវត្តភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការរៀបចំការបោះឆ្នោត ឲ្យសម្រេចជោគជ័យលើគ្រប់ដំណាក់កាល។
*៦៖ បង្កើនការក្ដាប់សភាពការណ៍ ប្រមូលព័ត៌មានពាក់ព័ន្ធសន្តិសុខ និងសណ្ដាប់ធ្នាប់នៅ គ្រប់មូលដ្ឋានទូទាំងខេត្ត ដើម្បីក្ដាប់ឲ្យបានជាមុននូវគ្រប់ឧបាយកល ផែនការសកម្មភាព របស់ជនខិលខូច ដែលប៉ុនប៉ងបង្កជាឧបសគ្គ ឬបំផ្លាញដំណើរការរៀបចំការបោះឆ្នោត ដើម្បីមានវិធានការទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា។
*៧៖ ក្ដាប់ឲ្យជាប់នូវរាល់សភាពការណ៍ សកម្មភាពប្រមូលផ្ដុំទាមទារតវ៉ាលើបញ្ហាផ្សេងៗ ដើម្បីមានវិធានការដោះស្រាយដោយសន្តិវិធី ឲ្យបានសមស្រប និងមានប្រសិទ្ធភាព។
*៨៖ ចំពោះមុខ រាល់គ្រប់ហេតុការណ៍ទំនាស់ផ្សេងៗដែលកើតឡើងនៅមូលដ្ឋាន ត្រូវខិតខំដោះស្រាយពី ដើមទី ដោយមិនត្រូវទុកឲ្យក្លាយជាទំនាស់រ៉ាំរ៉ៃ ដែលអាចបង្កឲ្យមានចលាចលសង្គម និងក្លាយជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយ។
*៩៖ ពង្រឹងការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យកាន់តែសកម្ម ថែមទៀត ទាំងការប្រជុំផ្សព្វផ្សាយ និងការធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋាន ភូមិឃុំ។
*១០៖ ជំរុញ និងរឹតបន្តឹងការអនុវត្តវិធានការបង្ការហេតុការណ៍គ្រោះថ្នាក់នានា និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ជាទីបំផុត ជាពិសេសបទល្មើស លួច ប្លន់ប្រដាប់អាវុធ អំពើមនុស្ស ឃាត អំពើហិង្សា បង្ករបួសស្នាម និងការគំរាមកំហែងបំភិតបំភ័យ ជាដើម។
*១១៖ នៅក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ជនខិលខូចមួយចំនួន នឹងឆ្លៀតឱកាស យកបញ្ហាទាំងអស់នេះ ផ្សារភ្ជាប់ទៅនឹងរឿងនយោបាយ ដូច្នេះ កងកម្លាំងយើងទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារឲ្យបានល្អ នូវសុវត្ថិភាព ចំពោះបេក្ខជនឈរឈ្មោះបោះឆ្នោត សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងពេលឃោសនា ជាពិសេសត្រូវមានការអត់ធ្មត់ឲ្យបានជាអតិបរមា៕