(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ និងបានចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្ញាក់ងារសន្តិសុខឯកជន លើកទី៣៦ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី វិស័យសន្តិសុខឯកជន មានសារៈសំខាន់ដែលមិនអាចកាត់ផ្តាច់បាន វិស័យសន្តិសុខឯកជននេះ ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះ ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ដោយសារការមើលឃើញបែបនេះ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់ គឺស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់
ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន អោយកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងកិច្ចការពារសន្តិសុខសង្គម។
លោកបន្ដថា នេះជាលើកទី៣៦ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបំរើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារ។
ក្នុងនោះរួមមាន តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន វិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវគោក របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់វាល់ហ្មឺនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល។ លោកក៏បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ លាងដៃ និងអាកុល ពាក់ម៉ាស់ និងជាពិសេសអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ និង២ចូលរួម»៕