(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃនេះបានចូលរួមជាមួយអ្នកសារព័ត៌មាន និងអង្គការសមាគមសារព័ត៌មាន អបអរសារទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ដែលឆ្នាំ២០២២នេះ អង្គការយូណេស្កូ បានជ្រើសយកប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញថា និន្នាការវិត្តន៍ឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃ ហើយក៏បានជះឥទ្ធិពលជាវិជ្ជមាននិងអវិជ្ជមាន លើគ្រប់វិស័យសង្គម រួមទាំងលើវិស័យព័ត៌មានផងដែរ។ សូម្បីនៅប្រទេសជឿនលឿន ក៏បានសម្តែងក្តីព្រួយបារម្ភពីឥទ្ធិពលរបស់បច្ចេកវិទ្យាឌីជីថលលើ បញ្ហាសន្តិសុខជាតិ ដំណើរការប្រជាធិបតេយ្យ ការបង្កើត ព័ត៌មានក្លែងក្លាយ និងជាពិសេសលើប្រព័ន្ធការគិតរបស់កុមារ។ ក្នុងន័យនេះ យើងត្រូវទទួលយកការពិតថា យើងមិនអាចគេចចេញពីតម្រូវការបច្ចេកវិទ្យាឌីជីថលបានទេ ក៏ប៉ុន្តែ យើងត្រូវចាប់យកនិងប្រើប្រាស់ឌីជីថល ដោយវាងវៃ ដើម្បីជាមធ្យោបាយជំរុញការរីកចម្រើននៃជីវភាពសង្គមនិងសេដ្ឋកិច្ចជាតិយើង។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញផ្ទុយពី អង្គការ សមាគម និងក្រុមអ្នករិះគន់ខ្លះ ដែលបានលើកឡើងថា ប្រព័ន្ធឌីជីថល គឺជាសម្ពាធ និងបង្កើតនូវស្ថានភាពខ្មៅងងឹតនៅក្នុងបរិយាកាសនៃសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ស.ស.ស.ក សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងវិស័យព័ត៌មាននិងអ្នកសារព័ត៌មាន សូមកុំបណ្តោយខ្លួនឱ្យទៅអ្នកទន់ជ្រាយ រំអួយ ឬសម្តែងធ្វើជាជនរងគ្រោះ ក៏ប៉ុន្តែ គប្បីខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ប្រកបដោយប្រាជ្ញាញាណ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយភាពឆ្នៃប្រឌិត ក្នុងការបង្កើតបាននូវកាលានុវត្តភាព និងមានសារប្រយោជន៍ដល់សង្គមជាតិ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមគាំទ្រដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និង ដៃគូនានា ក្នុងការប្រឹងប្រែងរៀបចំគោលនយោបាយបទដ្ឋានគតិយុត្ត និងរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កភាពងាយស្រួល ដើម្បីចាប់យកឌីជីថលមកបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងជួយជំរុញល្បឿនសេដ្ឋកិច្ចសង្គម ហើយម្យ៉ាងទៀតក៏អាចការពារបាននូវសុវត្ថិភាពទិន្នន័យ ការក្លែងបន្លំ ការលួច ការប្រយុទ្ធប្រឆាំងសកម្មភាពអវិជ្ជមានក្នុងប្រព័ន្ធឌីជីថល និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ស.ស.ស.ក៖