(សៀមរាប)៖ ដោយមានគោលការណ៍ដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលប្រព្រឹត្តទៅនៅសណ្ឋាគារអង្គរហូវើដ ក្រុងសៀមរាប នាថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២០នេះ ។

អង្គសិក្ខាសាលាពិគ្រោះយោបល់នេះប្រព្រឹត្តទៅចំនួន២វគ្គ ក្នុងនោះវគ្គទី១ ធ្វើនៅថ្ងៃទី០២-០៣ និងវគ្គទី២ ធ្វើនៅថ្ងៃទី០៥-០៦ ខែឧសភា ឆ្នាំ២០២២ ដែលមានសមាសភាពចូលរួមមកពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងស្ថាប័នជំនាញពាក់ព័ន្ធរួមមានស្ថាប័នតុលាការ មូលដ្ឋានសុខាភិបាល មន្ទីរផែនការ និងអង្គការសង្គមស៊ីវិលផងដែរ ដែលមានចំនួនសរុបប្រមាណ ២៥០រូប និងមួយវគ្គទៀតជាសិក្ខាសាលាពិគ្រោះយោបល់ នៅថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានថ្លែងថា ក្រោមការដឹកនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដ៏ជាក់លាក់ ធានាបានទិន្នន័យប្រកបដោយទំនុកចិត្ត និងប្រើប្រាស់ទិន្នន័យនោះ សម្រាប់ធ្វើការវិភាគក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍជាតិ និងផែនការថវិកា សាធារណៈគ្រប់ប្រភេទ ។ ដោយហេតុនេះ សម្ដេចក្រឡាហោម ស ខេង បានផ្តួចផ្តើមបង្កើតឡើងនូវផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម២០១៧-២០២៦ ដែលជាផែនការបែបទស្សនៈវិស័យសម្រាប់ផ្តល់ជាមគ្គុទេសក៍ រយៈពេលវែងលើការងារអត្តសញ្ញាណកម្ម ក្នុងគោលដៅធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តខាងលើរបស់រាជរដ្ឋាភិបាល ។

ក្នុងនេះ លោកបន្តថា រាជរដ្ឋាភិបាល ក៏បានបង្កើតគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលមានសម្ដេចក្រឡាហោម ជាប្រធាន និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធនានាចូលរួម នេះគឺជាយន្តការដ៏សំខាន់មួយក្នុងការគាំទ្រ តាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តជាតិនេះ ។ ការរៀបចំក្របខ័ណ្ឌច្បាប់ គឺជាកិច្ចការជាមូលដ្ឋានមួយក្នុងចំណោមកិច្ចការជាមូលដ្ឋានធំៗ ដើម្បីធ្វើជាគ្រឹះនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម។

គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានបង្កើតក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលមានលោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ជាប្រធាន និងសមាសភាពមកពីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីទីប្រឹក្សាច្បាប់អន្តរជាតិនៃអង្គការ Vital Strategies ដែលគាំទ្រដោយមូលនិធិ Bloomberg Philanthropies ។ កាលពីនៅចុងឆ្នាំ២០១៩ សេចក្ដីព្រាងបឋម នៃច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានរៀបចំ ហើយបានបន្តប្រជុំពិនិត្យ ពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់រហូតសម្រេចបានសេចក្ដីព្រាងចុងក្រោយ សម្រាប់ដាក់ជូនអង្គសិក្ខាសាលាពិគ្រោះយោបល់នាឱកាសនេះ ។

នាយឧត្តមសេនីយ៍ បានបន្តលើកឡើងថា ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនឹងកំណត់អំពីវិធាននានាដើម្បីធានាថា

* ១). ការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីស្នាក់នៅក្លាយជាកាតព្វកិច្ចសម្រាប់មនុស្សទាំងអស់ដែលរស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា
* ២). មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការ ផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គលជូនបុគ្គលគ្រប់រូបដែលមានសញ្ជាតិខ្មែរ និងបុគ្គលទាំងឡាយណាដែលកើត និង/ឬស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
* ៣). មានការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន ដែលភ្ជាប់ជាប្រព័ន្ធដោយការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការចុះបញ្ជីលិខិតឆ្លងដែន ការចុះបញ្ជីសញ្ជាតិ និងចុះបញ្ជីផ្សេងៗទៀតពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់មនុស្សម្នាក់ៗ
* និង ៤). មានការចងក្រង ការផលិត និងការផ្សព្វផ្សាយស្ថិតិសំខាន់ៗដែលទទួលបានពីទិន្នន័យចុះបញ្ជីអត្រានុកូលដ្ឋានដោយទៀងទាត់ និងតាមការកំណត់៕