(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ សហការជាមួយលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ នៅវេលាម៉ោង១០៖០០នាទីព្រឹក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ ស្រ្តីសម្រាលកូននៅក្នុងមណ្ឌលសុខភាពស្ទឹងមានជ័យ ចំនួន៦នាក់ ស្ថិតនៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងបាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការចំនួន៤ម៉ឺនរៀលផងដែរ។
ក្រោយពីបានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមណ្ឌលសុខភាពស្ទឹងមានជ័យរួចហើយ លោក ឌី រ័ត្នខេមរុណ និងក្រុមការងារ បានបន្តអញ្ជើញចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយអគ្គិភ័យមួយគ្រួសារទៀត ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនប្រពលរដ្ឋនៅតំបន់នោះ ក្នុងមួយគ្រួសារទទួលបានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការចំនួន១២ម៉ឺនរៀល៕