(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានចុះអនុស្សរណៈយោគយល់ដោយក្រុមហ៊ុន ជីប ម៉ុង នឹងប្រគល់ថវិកា មួយលានដុល្លារអាមេរិក សម្រាប់រយៈពេលប្រាំឆ្នាំ (២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ) ដើម្បីរួមចំណែកជាមួយ TYDA ក្នុងសកម្មភាពមនុស្សធម៌ ជាពិសេស គឺសម្រាប់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ដោយមានលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ TYDA ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបទៀត ចូលរួមជាសាក្សីក្នុងពិធីនេះផងដែរ។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា «ក្រុមហ៊ុន ជីប ម៉ុង មានមោទនភាពយ៉ាងក្រៃលែង ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពអាវស ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនបានយល់ច្បាស់ ពីតម្រូវការដ៏ចាំបាច់ផ្នែកសេវាសុខាភិបាល របស់ប្រជាពលរដ្ឋ។ ក្រុមហ៊ុនជឿជាក់ថា ការរួមចំណែកនេះ អាចជួយលើកកម្ពស់សុខុមាលភាពសង្គម ក៏ដូចជាជួយអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង»

អ្នកឧកញ៉ាបានបន្តទៀតថា «យើងមិនត្រឹមតែអភិវឌ្ឍពាណិជ្ជកម្មរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញជាមួយនឹងវិស័យជាច្រើន ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការនានាផងដែរ»

កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាលើសពី១០លានដុល្លារអាមេរិកទៅក្នុងកិច្ចការងារសង្គម ដោយក្នុងនោះ វិស័យចម្បងៗដែលក្រុមហ៊ុនផ្ដោតសំខាន់រួមមាន វិស័យអប់រំ សុខាភិបាល ទេសចរណ៍ បរិស្ថាន និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ ព្រមទាំងសហការីនៃក្រុមហ៊ុន ជីប ម៉ុង តែងតែចងចាំជានិច្ចនូវគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យក្រុមហ៊ុន ជីប ម៉ុង អាចអភិវឌ្ឍខ្លួន និងបន្តវិនិយោគក្នុងវិស័យជាច្រើនរួមមាន គ្រឿងឧបភោគបរិភោគ គ្រឿងសំណង់ ការអភិវឌ្ឍអចលនទ្រព្យ រោងចក្រស៊ីម៉ងត៍ រោងចក្រផលិតភេសជ្ជៈ ផ្សារទំនើប សណ្ឋាគារ ធនាគារ ទីលានវាយកូនហ្គោល ជាដើម ហើយពាណិជ្ជកម្មទាំងអស់នេះ រួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតឱកាសការងាររាប់ម៉ឺនកន្លែង កាត់បន្ថយចំណាកស្រុក ក៏ដូចជាបង្កើនគុណភាពជីវិត និងភាពងាយស្រួលដល់ការរស់នៅជូនដល់ប្រជាពលរដ្ឋកម្ពុជា ទាំងនាពេលបច្ចុប្បន្ន និងអនាគត៕