Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលក្រុង​ គ្រោងកែលម្អរផ្សារកណ្តាល និងផ្សារជម្ពូវ័ន ដោយមិនទុកឲ្យមានភាពរញ៉េរញ៉ៃទៀតឡើយ

12-05-2016 11:57

(ភ្នំពេញ)៖ ដោយមើលឃើញពីភាពរញ៉េរញ៉ៃ​ ដែលនាំឲ្យមានការប៉ះពាល់ដល់សោភ័ណភាពទីក្រុង បូករួមទាំងបញ្ហាបរិស្ថាន និងរូបភាពភ្ញៀវទេសចរណ៍នោះ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានលើកយកគម្រោងកែលម្អរផ្សារចំនួន២ នៅរាជធានីភ្នំពេញ មួយនៅចំកណ្តាលបេះដូងទីក្រុង គឺផ្សារកណ្តាល និងមួយទៀតនៅជាយរាជធានីភ្នំពេញ គឺផ្សារជម្ពូរវ័ន មកដាក់លើតុពិភាក្សាជាមួយមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។

កិច្ចពិភាក្សាលើការកែលម្អរផ្សារទាំង២នេះ បានធ្វើឡើង នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្រោមវត្តមានលោក ប៉ា ជាសុវង្ស និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាក្រុង អភិបាលខណ្ឌដូនពេញ អភិបាលខណ្ឌពោធិសែនជ័យ ប្រធានមន្ទីរសាធារណការ ប្រធានផ្សារទាំង២ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

យោងតាម Facebook Page របស់លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា «នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាអំពីគម្រោងកែលម្អរផ្សារមួយចំនួន​ ក្នុងរាជធានីភ្នំពេញ ឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរជាងពេលបច្ចុប្បន្ន។ ការគិតគូរកែលម្អផ្សារចំនួនពីរ គឺផ្សារកណ្ដាល និងផ្សារជម្ពូវ័ន ត្រូវបានលើកមកពិភាក្សា»

លោក ប៉ា សុជាវង្ស បានបញ្ជាក់ទៀតថា «ជាលទ្ធផល យើងសម្រេចឲ្យមន្ត្រីជំនាញសិក្សាបន្ថែមទៀត បន្ថែមជម្រើសឲ្យបានច្រើនសម្រាប់ជាការពិចារណា​ ដោយផ្តោតទៅលើទាំងប្លង់ស្ថាបត្យកម្ម ទាំងទំហំតូប ទាំងចរន្តខ្យល់ចេញចូលជាដើម។ ជាក់ស្តែងយើងមិនអាចបណ្ដែតបណ្ដោយ ឲ្យនៅអនាធិបតេយ្យ រញ៉េរញ៉ៃបែបនេះឡើយ ត្រូវតែកែលម្អ នោះទើបជាការគិតគូដល់បងប្អូនអាជីវករ និងអ្នកទិញយ៉ាងពិតប្រាកដ»

មន្រ្តីសាលារាជធានីភ្នំពេញ ក៏បានថ្លែងបន្ថែមថា ការផ្តួចផ្តើមគំនិតរបស់លោកអភិបាលរាជធានីភ្នំពេញ ខាងលើនេះ គឺជាការប្រសើរណាស់ ពីព្រោះយើងមិនត្រូវទុកផ្សារ ក្នុងស្ថានភាពបែបនេះ នៅចំកណ្តាលរាជធានីភ្នំពេញ (ផ្សារកណ្តាល) នាំឲ្យប៉ះដល់សណ្តាប់ធ្នាប់ សោភ័ណភាព និងមុខមាត់ទេសចរណ៍សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ហើយការកែលម្អរនេះ សម្រាប់ជីវករទាំងអស់ នឹងកាន់តែមានជីវភាពប្រសើរឡើង ពីព្រោះមានកន្លែងថ្មីលក់ដូរ និងកែប្រែបញ្ហាបរិស្ថានថ្មីផងដែរ៕