(តាកែវ)៖ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនិងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ កុមារាជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារចុះទៅស្តារស្រះនៅក្នុងភូមិថ្មី ដែលជាជំហានចាប់ផ្តើមមុនគេ ក្នុងចំណោមស្រះទឹកចំនួន១៥ ក្នុងភូមិទាំង១៣ នៃឃុំកុមារាជា ស្រុកបាទី ដែលនឹងស្តារជាបន្តបន្ទាប់ ដើម្បីបានទឹកគ្រប់គ្រាន់ ជូនប្រជាពលរដ្ឋប្រើប្រាស់។
លោក ស្វាយ ស៊ីថា បានប្រាប់ទៅប្រជាពលរដ្ឋថា ការបើកការដ្ឋានស្តារស្រះទឹកនៅថ្ងៃនេះ គឺកើតចេញពីស្មារតីនៃការទទួល ខុសត្រូវខ្ពស់ គិតគូរពីសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈម និងកង្វះខាតទឹកប្រើប្រាស់ ហេតុដូច្នេះហើយ ទើបរូបលោកផ្ទាល់បានបរិច្ចាគថវិកាចំនួន២០លានរៀល ដើម្បីប្រកាសបើកការដ្ឋានស្តារស្រះចំនួន១៥ ក្នុងឃុំ ហើយមន្ត្រីរាជការទាំងអស់ ក្នុងអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏បានស្ម័គ្រចិត្តទាំងអស់គ្នាបរិច្ចាគប្រាក់ខែរបស់ខ្លួន១ខែ ដែលជាប្រាក់ខែ១០០ភាគរយ សម្រាប់បើកនៅខែឧសភានេះ ដោយបង្វែរ មកស្តារស្រះទឹកនេះវិញ ហើយការស្តាស្រះនេះ ក៏មានការចូលរួមផងដែរ ពីប្រជាពលរដ្ឋគ្រប់ភូមិ ក្នុងឃុំ រួមចំណែកទិញអាចម៌ដី ចាក់តាមផ្លូវ និងជុំវិញផ្ទះរបស់ពួកគាត់។
លោក ស្វាយ ស៊ីថា បានទៀតថា ស្រះទឹកនេះ បន្ទាប់ពីស្តាររួចរាល់ហើយ គឺទុកជាស្រះសាធារណៈ សម្រាប់ប្រជាពលរដ្ឋទូទៅ ក្នុងឃុំកុមារាជាប្រើប្រាស់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។ ប៉ុន្តែលោកបានសំណូមពរឲ្យ ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាស្រះនេះ ឲ្យបានស្ថិតស្ថេរយូរអង្វែង។
ជាមួយគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានប្រកាសឈ្មោះសប្បុរសជនមួយចំនួន ដែលនឹងជួយបរិច្ចាគថវិកា ដើម្បីកសាងផ្លូវលំ មួយខ្សែក្នុងឃុំ គឺលោកស្រី សុខ សុវណ្ណារី លោកស្រី ឡុច ណារី លោកស្រី ប៉ាង វាសនា និងលោកស្រី ហាក់ ប៉ោលាង ដែលកាយវិការនេះ បានបង្ហាញនូវការរួមចំណែកក្នុងការអភិវឌ្ឍភូមិ ឃុំឲ្យកាន់តែរីកចម្រើនថែមមួយកំរិតទៀត។
ប្រជាពលរដ្ឋនៅក្នុងឃុំកុមារាជា នៃស្រុកបាទី ខេត្តតាកែវ បានសម្តែងនូវការសប្បាយចិត្តជាខ្លាំង ជាមួយនឹងការថ្លែងអំណរគុណ ចំពោះក្រុមការងារដែលបានយកចិត្តទុកដាក់ គិតគូរដោះស្រាយបញ្ហាទឹក នៅក្នុងមូលដ្ឋានរបស់ពួកគាត់។
លោកតាតំណាងប្រជាពលរដ្ឋភូមិថ្មី បានឲ្យដឹងថា ពលរដ្ឋអាចអត់អាហារបានរយៈពេល៧ថ្ងៃ ប៉ុន្តែមិនអាចអត់ទឹកបានទេសូម្បីតែ មួយថ្ងៃ។ លោកតា បានអះអាងថា អ្នកភូមិបានទន្ទឹងរង់ចាំ ការស្តារស្រះទឹកនេះជាយូរមកហើយ ឥឡូវស្រះទឹកបានបើកការដ្ឋានស្តារហើយ។ ក្នុងទឹកមុខរីករាយ លោកតាអាចារ្យ ស៊ិន សាង ថ្លែងថា ទៅថ្ងៃមុខនៅក្នុងភូមិរបស់គាត់នឹង មានទឹកប្រើប្រាស់គ្រប់គ្រាន់ សម្រាប់មនុស្ស សត្វ និងការធ្វើដំណាំបានមួយចំនួនទៀតផង។
លោក ស្វាយ ស៊ីថា ក៏បានឲ្យដឹងផងដែរថា កន្លងមកក្រុមការងារថ្នាក់ជាតិ ក៏បានចុះជួយដោះស្រាយបញ្ហាជាច្រើនលើគ្រប់វិស័យ ជូនប្រជាពលរដ្ឋក្នុងឃុំ និងការជួបសំណេះសំណាលផ្ទាល់ជាមួយ ប្រជាពលរដ្ឋ បានផ្តល់នូវថវិកា និងសម្ភារៈជាបន្តបន្ទាប់ ដែលជាការអនុវត្តនូវវប្បធម៌ចែករំលែក យកចិត្តទុកដាក់ខ្ពស់នៅក្នុងការកសាង អភិវឌ្ឍមូលដ្ឋាន និងលើកិច្ចការងារសង្គមកិច្ច សុខាភិបាល សាសនា អប់រំ ចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់បទល្មើសនានាក្នុងភូមិដូចជា បញ្ហាជួញដូរគ្រឿងញៀន ល្បែងស៊ីសងជាដើម ដើម្បីភូមិឃុំមានសុវត្ថិភាព និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។
បន្ទាប់ពីប្រកាសបើកការដ្ឋានស្តារស្រះរួចមក លោក និងក្រុមការងារក៏បានចុះទៅពិនិត្យមើល ទីតាំងស្រះទឹកជាច្រើនកន្លែងទៀត នៅក្នុងភូមិ ដែលនឹងត្រូវស្តានៅពេលខាងមុខ និងបានជួបប្រជុំជាមួយរដ្ឋ អំណាចមូលដ្ឋាន និងក្រុមយុវជន ដោយបានជម្រាបជូន នូវការវិវត្ត នៃស្ថានការណ៍នយោបាយបច្ចុប្បន្ន ជៀសវាងប្រជាពលរដ្ឋចាញ់បោក ការភូតកុហក បោកប្រាស់និងបំពុលព័ត៌មានពីក្រុម ប្រឆាំងមួយចំនួន។
នៅក្នុងការជួបសំណេះសំណាលគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានប្រកាសឲ្យមានការប្រកួតកីឡាបាល់ទាល់ របស់យុវជនក្នុងឃុំ ដើម្បីទទួលពានរង្វាន់ប្រចាំឆ្នាំទៀតផង។ បន្ទាប់មក លោក ស្វាយ ស៊ីថា និងក្រុមការងារ ក៏បានចុះទៅពិនិត្យមើលទីតាំងផលិត ទឹកស្អាត របស់យុវជនក្នុងឃុំ និងក្រោយមកបានជួបជុំពិសារអាហាររួមគ្នានៅទីស្នាក់ការរបស់យុវជនកម្ពុជា ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕