(ភ្នំពេញ)៖ ក្រោយបំបែកសំណុំរឿង ឃាតកម្មដ៏សហាវ នៃការសម្លាប់យុវសិស្ស វិទ្យាល័យពងទឹក ដោយកម្លាំងនគរបាលបានចាប់ ខ្លួនជនដៃដល់ និងបក្ខពួកចំនួន៧នាក់នោះ ក៏មានការជួយលើកទឹកចិត្តពីថ្នាក់ដឹកនាំ របស់ក្រសួងសេដ្ឋកិច្ច និងសាលាខណ្ឌ ពោធិ៍សែនជ័យតែម្តង ដោយបានផ្តល់ថវិកាមួយចំនួន។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានថ្លែងថា ជាការលើកទឹកិត្តដល់ការខិតខំប្រឹងប្រែង របស់កម្លាំង នគរបាលយើង លោក អូន ប៊ុនហាក់ អគ្គលេខាធិការរង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឧបត្ថម្ភថវិកា ចំនួន១លានរៀល និងសាលាខណ្ឌពោធិសែនជ័យ ជួយ៥០ម៉ឺនរៀលផងដែរ។
លោកអធិការ បានថ្លែងអំណរគុណ ចំពោះការគិតគូ និងជួយលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំ ដល់កម្លាំងនគរបាលដែលបានតាមចាប់ ខ្លួនក្រុមដៃដល់ និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា ឃាតកម្មសម្លាប់សិស្សស្រីវិទ្យាល័យពងទឹក នៅរសៀលថ្ងៃនេះ ឥឡូវកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ សហការ ជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនដៃដល់ និងបក្ខពួកមាន ស្រី មានប្រុសចំនួន៧ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ ដែលដឹកនាំកម្លាំងផ្ទាល់ចុះបង្ក្រាបករណីឃាតកម្មនេះ បានថ្លែងប្រាប់ក្រុម អ្នកកាសែតថា «ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក កម្លាំងយើងបានឃាត់ខ្លួន ជនដៃដល់៣ទៅ៤នាក់ និងមានបក្ខពួក ស្រី មួយចំនួនទៀត ហើយការឃាត់ខ្លួន ពួកគេធ្វើឡើងនៅខណ្ឌដង្កោ និងនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ»។
លោកអធិការ បានបន្តទៀតថា ក្រោយការចាប់ខ្លួនយើង ក៏បានដកហូតម៉ូតូរបស់នារីរងគ្រោះផងដែរ ហើយនៅពេលនេះកំពុងយក ទៅសួរនាំ ថាតើនរណាជាប់ពាក់ព័ន្ធខ្លះ នៃអំពើឃាតកម្មនេះ។
ក្មេងស្រីសិស្សសាលាម្នាក់ ក្រោយពីគេប្រទះឃើញដេកស្លាប់ ដោយស្នាមឈាមយ៉ាងជោគជាំ ស្ថិតនៅដីឡូសំណង់បាក់បែក មួយកន្លែងស្ថិតនៅព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃនេះ។ ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹកថ្នាក់ទី១២D៕