Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង គ្រោងដាក់ពង្រាយរថក្រោះ K2 ១០០គ្រឿងទៀត ដើម្បីទប់ទល់នឹងកូរ៉េខាងជើង

12-05-2016 11:43

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង កំពុងរៀបចំធ្វើការដាក់ពង្រាយរថក្រោះទំនើបប្រភេទ K2 ចំនួន ១០០គ្រឿងបន្ថែមទៀតនៅតាមព្រំដែនជាមួយនឹងប្រទេសកូរ៉េខាងជើង ដើម្បីការពារសន្តិសុខពីការបង្កហេតុណាមួយ ដែលនឹងអាចកើតមានឡើង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០១៦។

មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះទៀតថា «យោធា បានសម្រេចតាមសំណើសុំដាក់ពង្រាយរថក្រោះ K2 បន្ថែមចំនួន ១០០គ្រឿងទៀតពីលើរថក្រោះ ដែលមានស្រាប់ទៅហើយជាង ២០០គ្រឿង ដែលត្រូវបានដាក់ពង្រាយកាលពីខែតុលាឆ្នាំមុន។ ការសម្រេចនេះ បានធ្វើឡើងក្រោយពីមានការពិនិត្យមើល អំពីតម្រូវការជាក់ស្តែងជាចាំបាច់»។

គួរបញ្ជាក់ថា ការបង្កើនការដាក់ពង្រាយចំនួនរថក្រោះទាំងនេះ បានកើតឡើងជាការឆ្លើយតបនឹង កូរ៉េខាងជើង ដែលបានធ្វើការបង្កើនដូចគ្នា ចាប់តាំងពីឆ្នាំ ២០០៥មក។ កូរ៉េខាងជើងត្រូវបានគេ ជឿជាក់ថា បច្ចុប្បន្ននេះមានរថក្រោះរហូតដល់ទៅ ៤,៥០០គ្រឿង។ សម្រាប់ការដាក់ពង្រាយបន្ថែម នៃរថក្រោះ K2 ១០០គ្រឿងទៀតដោយកូរ៉េខាងត្បូងនោះ នឹងធ្វើឲ្យចំនួនរថក្រោះប្រភេទនេះ នៅតាមព្រំដែន កើនឡើងដល់ជាង ៣០០គ្រឿង៕