(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ និយោជិត ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងដើម្បីជាការអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ»។
ពិធីនេះក៏បានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ, លោក LAI XUAN CHIEN ភារធារីនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា, លោក អៀង សុភាព ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ, លោក LAM TANH PHOU នាយកក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត រួមទាំងកម្មករ និយោជិត ប្រមាណ ៥០០នាក់ទៀត។
បន្ទាប់ពីបានស្តាប់លោក ងួន រតនៈ អានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិរួចមក លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ដែលជាពិធីប្រារព្ធឡើងក្នុងន័យរំលឹកដល់បុព្វហេតុរបស់ពលករ កម្មករ នៅលើពិភពលោកទាំងមូល ដែលបានតស៊ូទាមទារសេរីភាព និងយុត្តិធម៌កាលពី ១៣៦ឆ្នាំមុន និងដើម្បីឧទ្ទិសដល់វីរភាពពលករ កម្មករ និងវិញ្ញាណក្ខន្ធរបស់វីរៈជនស្នេហាសេរីភាព និងយុត្តិធម៌។
ឆ្លៀតក្នុងឱកាសនោះ លោក ថោង ខុន ក៏បានពាំនាំនូវក្តីនឹករលឹក និងផ្តាំផ្ញើការសួរសុខទុក្ខ និងស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកម្មករ និយោជិតនៃក្រុមហ៊ុនចំការកៅស៊ូទាំងអស់។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាតែងតែបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ និងបានចេញសារាចរណែនាំ និងសារលិខិត ដើម្បីបំផុសលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា សំដៅបង្កបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងភាតរភាព ក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាពជាក់ស្តែង។
ជាមួយគ្នានោះដែរ លោក ថោង ខុន ក៏បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសមិទ្ធផលនានា ដែលសម្រេចបានដ៏ត្រចះត្រចង់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការស្វែងរកបាននូវសន្តិភាពដែលបានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងភាពអង់អាចក្លាហានរបស់សម្តេច និងថ្នាក់ដឹកនាំយុទ្ធជនកម្ពុជា ដណ្តើមបានជោគជ័យលើរបបប្រល័យពូជសាសន៍ខែ្មរក្រហម។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ប្រាប់ដល់កម្មករ និយោជិត ទៀតថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះ បានផ្តល់លទ្ធភាពឲ្យកម្ពុជា អាចទាក់ទាញវិនិយោគិនបរទេស ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ មានជីវភាពធូរធារ សម្បូរសប្បាយដូចសព្វថ្ងៃ និងជំរុញឱ្យក្រុមកម្មករទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់គ្នា។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានលើកពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការស្នើសុំជំនួយ និងបញ្ជាទិញនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមរយៈភាគីជាមិត្ត និងយន្តការកូវ៉ាក់ និងបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេស យ៉ាងច្រើនលើសលប់ និងបានអំពាវនាវដល់កម្មករ និយោជិតទាំងអស់ ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេសចាក់ឱ្យបានគ្រប់ដូសតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ រួមគ្នាប់ស្កាត់ឱ្យការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងឱកាសចុះជួបសំណោះសំណាលនោះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានឧបត្ភម្ភដល់កម្មករ និយោជិត ដែលបានចូលរួមនូវថវិកាក្នុងម្នាក់ទទួលបាន ២ម៉ឺនរៀល និងថ្នាំ TIFY ៣បន្ទះផងដែរ៕