(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់១២នាក់ និងរបួសស្រាល៣នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ១៤គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង រថយន្តធុនធំចំនួន១គ្រឿង យានផ្សេងៗ១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក (ស្លាប់៣នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់៣នាក់) និងមិនគោរពសិទ្ធិ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់៤នាក់)។
ជាមួយគ្នានេះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៥៤៦៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២២២១គ្រឿង និងពិន័យសរុប ៣២៤៨គ្រឿង៕