(តាកែវ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ បានគូសរំលេចថា ប្រជាពលរដ្ឋស្រុកគិរីវង់ បានគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាបាននូវសន្តិភាពពេញលេញនិងទទួលបានជោគជ័យប្រកបដោយមោទនភាពលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ការលើកឡើងបែបនេះ របស់លោក សុខ សូកាន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សាសង្គ្រោះវិជ្ជា ស្ថិតនៅភូមិទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។ ក៏មានការចូលរួមពីសំណាក់លោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល និងជាសហប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ និងលោក អឿង សៀង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសោម, លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ, ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានឃុំសោម, ប្រធានក្រុមប្រឹក្សាស្រុកគិរីវង់, អភិបាលស្រុកគិរីវង់, លោក លោកស្រី តំណាងអង្គការតាប៊ីថាកម្ពុជា ព្រមទាំងមានការចូលរួមពីព្រះសង្ឃ តាជីយាយជី លោក លោកស្រីជាមន្ត្រីរាជការជុំវិញស្រុកនិងឃុំ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានប្រមាណ ៨៣២អង្គនាក់។

ឆ្លៀតក្នុងពេលនោះដែរ លោកបណ្ឌិត ជីវ កេង បានលើកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូលរបស់ជាតិក្នុងដំណើរការស្វែងរកការផ្សះផ្សាជាតិ ឯកភាពជាតិ និងឈានទៅរកសន្តិភាពពេញលេញ ហើយយើងត្រូវប្តេជ្ញាការពារថែរក្សាសន្តិភាពដែលរកបានដោយកម្រនេះ ឱ្យបានជាដាច់ខាត។

លោកបណ្ឌិត ក៏បានបញ្ជាក់អំពីការខំប្រឹងប្រែងរបស់ក្រុមការងារដែលតែងតែចុះជាប់ដោយផ្ទាល់ជាមួយប្រជាជន រួមគ្នាដោះស្រាយបញ្ហានានានៅមូលដ្ឋាន ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។

លោក សុខ សូកាន បានបញ្ជាក់បន្ថែមទៀតថា៖ «សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាពគឺជាអ្វីដែលស្រស់ស្អាតបំផុត សន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ បទពិសោធន៍របស់ប្រទេសមួយចំនួនដែលកំពុងកើតសង្គ្រាម គឺជាមេរៀនសម្រាប់ការយល់ដឹងរបស់យើងថា គោលនយោបាយផ្តោតលើការថែរក្សាសន្តិភាព គឺមានសារៈសំខាន់ ហើយការរក្សាអាយុជីវិតរបស់ប្រជាជន និងប្រទេសជាតិក៏រឹតតែជារឿងសំខាន់ និងត្រូវការចាំបាច់នូវថ្នាក់ដឹកនាំដែលមានទស្សនទាននយោបាយសន្តិភាព មានចក្ខុវិស័យវែងឆ្ងាយ និងមានពិសោធន៍គ្រប់គ្រាន់ដើម្បីធ្វើការសម្រេចជាយុទ្ធសាស្ត្រ សមស្របទៅនឹងកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ និងការប្រែប្រួលដ៏ឆាប់រហ័សរបស់ពិភពលោក ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី»

លោកបានបន្តថា សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតថេរគង់វង្សជូនប្រជាពលរដ្ឋបានយូរអង្វែងច្រើនជំនាន់ ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីកឱកាសធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើងថែមទៀត។

លោកបានបន្ថែមដែរថា ក្នុងដំណាក់កាលចុងក្រោយនេះ សម្តេចតេជោបានដឹកនាំ និងនាំមុខ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។ ជាលទ្ធផល កម្ពុជាសម្រេចបានអត្រាខ្ពស់នៃចំនួនប្រជាជនទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ១៩ រហូតដល់ជាង៩០% ធៀបនឹងចំនួនប្រជាជនសរុប, និងជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៣ នៅទូទាំងពិភពលោក (ក្នុងចំណោម ១៦៦ប្រទេស) ជាប្រទេសដែលគ្រប់គ្រងជំងឺកូវីដ១៩ និងផលប៉ះពាល់ល្អជាងគេ។

បន្ថែមពីនេះ លោក សុខ សូកាន បានបញ្ជាក់ថា ភាពជោគជ័យដ៏ត្រចះត្រចង់នៃយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបន្សុំាសហគមន៍នេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា ងើបឡើងវិញក្នុងកំណើនរង្វង់ ៣,០% ក្នុងឆ្នាំ២០២១ និង ៥,៦% ក្នុងឆ្នាំ២០២២។ ថ្មីៗនេះដែរ កាសែតអន្តរជាតិជប៉ុន NIKKEI ASIA ក៏បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ២ លើពិភពលោកថា «ជាប្រទេសដែលមានសមត្ថភាពស្តារខ្លួនពីវិបត្តិនៃជំងឺកូវីដ១៩ បានលឿនជាងគេ» បន្ទាប់ពីប្រទេសអារ៉ាប់រួម។ ការណ៍នេះធ្វើឱ្យប្រទេសកម្ពុជាមានទំនុកចិត្តកាន់តែខ្លាំងថែមទៀត ក្នុងការបើកប្រទេស និង សកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញ។

ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណជាអនេកចំពោះ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សហគមន៍កសិកម្ម មូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ និងប្រជាពលរដ្ឋស្រុកគិរីវង់ ដែលបានឧបត្ថម្ភថវិកាចំនួនប្រមាណជិត ៦៧លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ និងអរគុណដល់ក្រុមការងារចុះមូលដ្ឋានស្រុក និងឃុំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ស្រុក និងឃុំ ដែលបានខិតខំរួមគ្នាគ្រប់គ្រង និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ថ្លែងក្នុងឱកាសនោះដែរ លោក សុខ សូកាន បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលបានកើតទើ្បងជាបន្តបន្ទាប់ និងកោតសរសើរចំពោះអង្គការតាប៊ីថាកម្ពុជា និងការខិតខំដឹកនាំកៀរគរកម្លាំងសប្បុរសធម៌រួបរួមសាមគ្គីគ្នា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ដោយមានការចូលរួមពីក្រុមការងារចុះមូលដ្ឋានឃុំ និងស្រុក, អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា និង សហគមន៍ផ្ទាល់។

លោកបានបន្តថា៖ «សមិទ្ធផលដែលនៅចំពោះមុខយើងនេះ គឺជានិមិត្តរូបនៃស្មារតីរួបរួម និងឆ្លុះបញ្ចាំងឱ្យឃើញអំពីសញ្ញាណវិជ្ជមាននៅក្នុងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ»

លោកបានគូសរំលេចចុងក្រោយផងដែរថា «ប្រជាជនស្រុកគិរីវង់តែងតែជឿជាក់លើរាជរដ្ឋាភិបាល និងចូលរួមក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយសូមគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី ដើម្បីបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពរបស់ជាតិជានិច្ចនិរន្តរ៍»