(កោះកុង)៖ គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ បានទទួលសមាជិកថ្មីចំនួន១៦៥នាក់ ដែលស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

ការបញ្ជូលសមាជិកថ្មីក្នុងគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានរៀបចំឡើងក្រោមវត្តមានលោក កាយ សម្រួម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង លោក ផៃធូន ផ្លាមកេសន អនុប្រធានគណបក្ស លោកស្រី ឈី វ៉ា អនុប្រធានបក្សរួមទាំងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀតផង។

លោក កាយ សំរួម បានថ្លែងឲ្យដឹងថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍបច្ចុប្បន្ននេះដោយសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកសន្តិភាព ស្ថិរភាពជូនជាតិជូនប្រជាពលរដ្ឋ និងស្វែងរកការអភិវឌ្ឍប្រទេសជាតិឲ្យភាពរីកចម្រើនលើកគ្រប់វិស័យទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកវិស័យទេសចរណ៍ ទាំងធនធានមនុស្ស ទាំងការអភិវឌ្ឍប្រទេស ហើយគប្សប្រជាជនតែងតែជួយដោះរាល់បញ្ហាជូនប្រជាជនជានិច្ចឲ្យតែងបងប្អូនជួបបញ្ហានៅប្រការណាមួយនៅក្នុងគ្រួសារ ឬនៅតាមមូលដ្ឋាន។

លោកបានថ្លែងបន្តថា ដើម្បីសន្តិភាព ស្ថិរភាព សុវត្តិភាពប្រទេសជាតិ ប្រជាជនទាំងអស់គ្នាត្រូវជឿជាក់លើគណបក្សប្រជាជនទាំងអស់គ្នា កុំជឿលើការញុះញ៉ុងរបស់គណបក្សនយោបាយផ្សេងឲ្យសោះ៕