(ភ្នំពេញ)៖ អ្នកឧកញ៉ា គួច ម៉េងលី បានថ្លែងថា បើសិនចង់ឲ្យស្ថាប័នសារព័ត៌មាន ក្លាយជាស្ថាប័នមានអំណាច ដូចអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការក្តី ទាល់តែអ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។

អ្នកឧកញ៉ា បានដាស់តឿនថា ធ្វើជាអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងភាពស្មោះត្រង់ ដោយមិនត្រូវសរសេរព័ត៌មាន ឬបកស្រាយព័ត៌មាននោះទេ។ ជាពិសេស ចៀសវាងឲ្យបាននូវការប្រព្រឹត្តអំពើពុករលួយ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រុមហ៊ុន អឹម ជេ. ឃ្យូ មេឌា ណេតវើក (MMN) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាសារព័ត៌មានដើរតួឲ្យថ្លៃថ្នូរ ឲ្យច្បាស់លាស់។ ធ្វើការជាអ្នកសារព័ត៌មាន មិនមែនជាអ្នកបកប្រែព័ត៌មានទេ [...] រឿងមិនទាន់ដឹងស ឬខ្មៅ កុំវាយតម្លៃជំនួសគេ (ព្រោះវាធ្វើឲ្យ) សម្លាប់គេជាសាធារណៈ ដោយសារពាក្យរបស់អ្នក។ អ្នកសារព័ត៌មាន ជាអ្នកដែលដឹង និងលឺ ពីព័ត៌មានយកទៅផ្សាយជូនប្រជាជន»

អ្នកឧកញ៉ា បានបន្ថែមថា អ្នកសារព័ត៌មានគួរចៀសវាងឲ្យបាន ការសរសេរព័ត៌មាន នៃរឿងឯកជនរបស់គេ ព្រោះវាធ្វើឲ្យអ្នកនោះក្លាយជនម្នាក់ ដែលត្រូវបានមហាជនវាយតម្លៃតាមអត្ថបទព័ត៌មាន ពោលគួរតែសរសេរតែព័ត៌មានណា ដែលប៉ះពាល់ដល់តម្លៃសាធារណៈទៅបានហើយ។ ចំពោះរឿងដែលកំពុងស្ថិតក្រោមចំណាត់តុលាការ ក៏មិនត្រូវវាយតម្លៃថា អ្នកនេះខុស ឬអ្នកនោះត្រូវ បានដែរ ព្រោះបើតុលាការមិនទាន់សម្រេច គឺចាត់ទុកថាគ្មានទោសនោះដែរ។

អ្នកឧកញ៉ា គួច ម៉េងលី បានបន្តទៀតថា វិស័យព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ នូវព័ត៌មានពិត និងអព្យាក្រឹត្យ ជាពិសេសវិស័យព័ត៌មាននេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។ ការណ៍នេះ ក៏ជាហេតុផល ដែលធ្វើឲ្យអ្នកឧកញ៉ា បានប្តេជ្ញាចិត្តចូលរួមលើកស្ទួយវិស័យព័ត៌មានកម្ពុជា។

សូមជម្រាបថា MMN ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាចាងហ្វាង កាលពីឆ្នាំ២០១៧។ MMN ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម តាមរយៈវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ និងអគ្គនាយកដ្ឋានពន្ធដារ ចុះបញ្ជីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ជាបណ្ដាញផ្សព្វផ្សាយព័ត៌មាន និងទទួលបានអាជ្ញាបណ្ណជាផ្លូវការពីក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១៕