(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បន្តជួបជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាចំនួន៥៣០នាក់ មកពី១៣ឃុំ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក លោកស្រី ដែលជាភ្នាក់ងារគណបក្សទាំង៥៣០រូប (ក្នុងនោះមានត្រឹមតែ ៦៤រូបប៉ុណ្ណោះដែលជាអ្នកទើបចូលរួមក្នុងការងារជាភ្នាក់ងារ) បានស្តាប់នូវមតិសំណេះសំណាលរបស់លោក ហ៊ុន ម៉ានី និងទិដ្ឋភាពផ្នែកច្បាប់មួយចំនួនទាក់ទងទៅ នឹងយន្តការនៃការការពារភាពស្របច្បាប់ជូនគណបក្សប្រជាជនកម្ពុជា។
លោក ម៉ា សាវ៉ាត ប្រធានគណៈកម្មាធិការគណបក្សស្រុកគងពិសី បានថ្លែងក្នុងរបាយការណ៍ថា ក្រៅពីចំនេះដឹង និងគំនិតដែលទទួលបាននៅថ្ងៃនេះ ភ្នាក់ងារគណបក្សនឹងទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗទៀតដើម្បីធ្វើយ៉ាងណា គោរពតាមគោលការណ៍ណែនាំរបស់គ.ជ.ប. និងធានាបាននូវភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា។
មិនខុសពីតាមបណ្តាស្រុកផ្សេងៗ លោក សំ រិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនីតិវិធីនៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត បានរំលឹកបន្ថែមពីតួនាទីរបស់ភ្នាក់ការគណបក្សនយោបាយនីមួយៗ មុនពេលចូលអនុវត្តការងារជាអ្នកសង្កេតការ នូវទិដ្ឋភាពច្បាប់ និងនីតិវិធីនៃដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតដើម្បីការពារផលប្រយោជន៍ និងសុចរិតភាពរបស់គណបក្សប្រជាជនកម្ពុជា៕