(ភ្នំពេញ)៖ កម្មវិធី «វោហារសព្ទយុវជន» វគ្គផ្ដាច់ព្រ័ត្រ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ បេក្ខជនបេក្ខនារីប្រកួតទាំង១០រូប បានបង្ហាញនូវភាពក្លាហាន សមត្ថភាព និងទេពកោសល្យនៃការនិយាយជាសាធារណៈដ៏ប៉ិនប្រសប់រៀងៗខ្លួន នៅចំពោះមុខគណៈកម្មការ និងទស្សនិកជន ដែលបានចូលរួមទស្សនាផ្ទាល់។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ កម្មវិធី «វោហារសព្ទយុវជន» ក៏បានស្វែងរកឃើញម្ចាស់ជ័យលាភីទាំង៣រូប ដែលម្ចាស់ជ័យលាភីលេខ៣ គឺ លោក ថៃ សារ៉ាវ័ន្ត ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យជំនាន់ថ្មីគោកព្រីង ក្នុងស្រុកស្វាយជ្រំ ហើយម្ចាស់ជ័យលាភីលេខ២ គឺកញ្ញា យ៉ន ស្រីណែត ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យស្វាយរៀង មកពីស្រុករំដួល។ ចំណែកឯម្ចាស់ជ័យលាភីលេខ១ គឺកញ្ញា ផូ ម៉ារី ដែលជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យស្វាយរៀង មកពីក្រុងស្វាយរៀង។

គួររំឭកផងដែរថា កម្មវិធី «វោហារសព្ទយុវជន» ត្រូវបានផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្នុងគោលបំណងដើម្បីផ្ដល់ឱកាសសម្រាប់យុវជនក្នុងខេត្តស្វាយរៀង បានបង្ហាញនូវសមត្ថភាព និងទេពកោសល្យផ្នែកការនិយាយជាសាធារណៈ ក៏ដូចជាការពង្រឹងសមត្ថភាពនិយាយប្រកបដោយមូលដ្ឋាននៃចំណេះដឹង បណ្ដុះផ្នត់គំនិតសុទិដ្ឋិនិយមចំពោះសង្គមជាតិដល់យុវជនផងដែរ ជាពិសេសគឺដើម្បីជាការអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ខួបទី១១១ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»