(ភ្នំពេញ)៖ ខណៈដែលច្រកព្រំដែនកម្ពុជា-ថៃចាប់ផ្ដើមបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តទៅនោះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានចេញផ្សាយអំពីលក្ខខណ្ឌចាំបាច់ សម្រាប់ការធ្វើដំណើរចេញពីកម្ពុជាឆ្លងទៅកាន់ប្រទេសថៃ ដើម្បីបង្កភាពងាយស្រួល ងាយយល់ និងត្រឹមត្រូវតាមលក្ខខណ្ឌនៃការធ្វើដំណើរនេះ ដោយសារតែវិធានការសុខាភិបាលត្រូវបានអនុវត្តយ៉ាងតឹងរឹង។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានចេញផ្សាយនៅលើទំព័រ Facebook របស់ខ្លួន គឺ «Royal Embassy of Cambodia in Bangkok» នាថ្ងៃទី១ ខែឧសភានេះថា អ្នកដំណើរដែលត្រូវធ្វើដំណើរពីកម្ពុជាទៅកាន់ប្រទេសថៃតាមផ្លូវអាកាស និងផ្លូវគោក ត្រូវបានបែងចែកជា៣ប្រភេទ ហើយក៏ត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងគ្នាផងដែរ ក្នុងនោះរួមមាន៖
* ប្រភេទទី១. អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ (Vaccinated Travelers)៖
១៖ ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ (មានលីងតំណភ្ជាប់៖ tp.consular.go.th) ខណៈការត្រួតពិនិត្យ និងសម្ដេចផ្ដល់ Thailand Pass នេះ គឺប្រើពេលមិនលើសពី៤៨ម៉ោងឡើយ។
២៖ មានធានារ៉ាប់រងព្យាបាលជំងឺកូវីដ១៩ ដែលមានទឹកប្រាក់សរុបធានា១០,០០០ដុល្លារអាម៉េរិក។
៣៖ មិនតម្រូវឱ្យធ្វើតេស្ត RT-PCR ទាំងមុននិងចូលមកដល់ប្រទេសថៃ។
៤៖ ត្រូវធ្វើតេស្តរហ័ស (ATK) ដោយខ្លួនឯង អំលុងពេកស្នាក់នៅក្នុងប្រទេសថៃ។
* ប្រភេទទី២. អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ (Unvaccinated Travelers)៖
១៖ ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ (មានលីងតំណភ្ជាប់៖ tp.consular.go.th) ខណៈការត្រួតពិនិត្យ និងសម្ដេចផ្ដល់ Thailand Pass នេះ គឺប្រើពេលមិនលើសពី៤៨ម៉ោងឡើយ។
២៖ មានធានារ៉ាប់រងព្យាបាលជំងឺកូវីដ១៩ ដែលមានទឹកប្រាក់សរុបធានា១០,០០០ដុល្លារអាម៉េរិក។
៣៖ ករណី
a. មានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន មុនពេលធ្វើដំណើរមិនលើសពី៧២ម៉ោង អាចធ្វើដំណើរចូលក្នុងប្រទេសថៃដូចអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញដែរ។
b. ពុំមានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន មុនពេលធ្វើដំណើរមិនលើសពី៧២ម៉ោងទេនោះ គឺតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន៥ថ្ងៃ ដោយធ្វើតេស្ត RT-PCR នៅថ្ងៃទី៤ ឬទី៥។
៤៖ ត្រូវធ្វើតេស្តរហ័ស (ATK) ដោយខ្លួនឯង អំលុងពេកស្នាក់នៅក្នុងប្រទេសថៃ។
* ប្រភេទទី៣. អ្នកដំណើរដែលជាប្រជាជនក្នុងខេត្តជាប់ព្រំដែនហើយកាន់ប័ណ្ណព្រំដែន (Border Pass)៖
១៖ មិនតម្រូវឱ្យចុះឈ្មោះ Thailand Pass ទេ។
២៖ មិនតម្រូវឱ្យមានធានារ៉ាប់រងទេ។
៣៖ ត្រូវជាអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញតែប៉ុណ្ណោះ។
៤៖ ការធ្វើដំណើរត្រូវបានអនុញ្ញាតតែក្នុងតំបន់ដែលមានចែងដោយកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃប៉ុណ្ណោះ។
៥៖ អាចស្នាក់នៅក្នុងប្រទេសថៃមិនត្រូវលើសពី៣ថ្ងៃ (២យប់) ឡើយ។
សូមជម្រាបថា ខេត្តរបស់ថៃជាប់ច្រកព្រំដែនអន្តរជាតិជាមួយកម្ពុជាដែលអាចធ្វើដំណើរចូលបាន រួមមាន ខេត្តស្រះកែវ ខេត្តសុរិន្ទ ខេត្តត្រាច ខេត្តចន្ទបុរី៕