(ភ្នំពេញ)៖ ក្រៅពីការខិតខំការពារសិទ្ធិ-ផលប្រយោជន៍ ពង្រឹងសន្តិសុខការងារ សុខភាព ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការគាំពារផ្សេងទៀត ជូនកម្មករនិយោជិតនោះ រាជរដ្ឋាភិបាលក៏បានចំណាយថវិកាប្រមាណជិត ២៨លានដុល្លារ ផ្ដល់ជូនស្ត្រីសម្រាលកូន ដែលមានចំនួនប្រមាណជាង២៨ម៉ឺននាក់ គិតចាប់ពីឆ្នាំ២០១៨-២០២១ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

ការបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ គឺនៅក្នុងសារលិខិតអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ»

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូន។ ដោយក្នុងឆ្នាំ២០២១នេះ ប.ស.ស. បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូន បានចំនួន៦៥,៨៧១នាក់ ស្មើនឹងចំនួនកូន៦៦,៣៣៥នាក់ ដែលគិតជាទឹកប្រាក់សរុបចំនួន២៦.៥ប៊ីលានរៀល។

សារលិខិតដដែលបានបញ្ជាក់ទៀតថា «បើគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១ ស្រ្តីសម្រាលកូនមានចំនួន២៨២,០៧៣នាក់ ដោយចំណាយថវិកាសរុបចំនួន១១៣.៦ប៊ីលានរៀល (ប្រមាណ២៧.៧លានដុល្លារអាមេរិក)»

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបាន និងកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធន ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គម ពីប្រទេសមួយទៅប្រទេសមួយ បន្ទាប់ពីចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍៕