(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមាជ័យ សហការជាមួយកម្លាំងនគរបាលស្រុក និងឃុំ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី សម្រាប់ជាទីកន្លែងស្នាក់នៅឡើងវិញ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងឲ្យដឹងថា ក្រោយទទួលព័ត៌មានពីផ្ទះប្រជាពលរដ្ឋ នៅស្រុកព្រះនេត្រព្រះ ចំនួន១៥ខ្នង និងស្រុកមង្គលបូរី ចំនួន២ខ្នងរងគ្រោះដោយសារខ្យល់កន្រ្តាក់នោះ និងដោយមានបទបញ្ជាជាបន្តបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧបនាយករដ្ឋមន្រ្តី កែវ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ រួចមកកម្លាំងនគរបាលរបស់លោក បានចុះទៅភ្លាមៗ នៅភូមិដែលជួបគ្រោះធម្មជាតិមួយនេះ ដែលខ្យល់កន្រ្តាក់បានបក់បោកបំផ្លាញ។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា ជាមួយគ្នានេះកម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលវរ៩១១ បានចុះទៅជួយជួសជុលផ្ទះប្រជាពលរដ្ឋ មួយគ្រួសារ មានតា និងយាយ ត្រូវចិញ្ចឹចៅតូចៗ៣នាក់ ដែលកំព្រាឪពុក ហើយម្តាយទៅធ្វើការនៅថៃ។
លោកស្នងការបានបន្តទៀតថា នាពេលខាងមុខលោកនឹងយកសម្ភារផ្សេងៗ ដូចជាសៀវភៅ បិច និងកាបូបជាដើម យកទៅប្រគល់ជូនក្មេងៗទាំងនេះ ហើយការជួយអន្តរាគមន៍បានធ្វើឡើង ដោយមិនមានការប្រកាន់និន្នាការនយោបាយនោះទេ បើទោះបីជានៅក្នុងផ្ទះរបស់គាត់មានមួក និងទង់គណបក្សសង្គ្រោះជាតិក៏ដោយនោះ។