(ស្វាយរៀង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ បានអះអាងថា តាមរយៈយុទ្ធសាស្ដ្រពង្រាយទីតាំងចាក់វ៉ាក់សាំង នៅតាមរោងចក្រ ផ្សារ និងសាលារៀនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យចំនួនអ្នកមកទទួលវ៉ាក់សាំងដូសជំរុញ មានការស្ទុះឡើងខ្លាំង។
លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ នៅខេត្ដស្វាយរៀង បានគូសបញ្ជាក់ថា ការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន គឺជាការគិតគូរមួយដ៏ត្រឹមត្រូវ ហើយចំគោលដៅតែម្ដង។ លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច បានបន្ថែមទៀតថា គោលដៅរោងចក្រ ផ្សារ និងសាលារៀននេះ គឺកាន់តែបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការមកទទួលយកនូវដូសជំរុញ បន្ថែមពីទីតាំងនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដែលមានស្រាប់។
តាមរយៈការចុះពិនិត្យមើលជាក់ស្ដែង លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ប្រជាពលរដ្ឋមានភាពសប្បាយរីករាយខ្លាំងណាស់ នៅពេលឃើញការគិតគូររបស់ប្រមុខដឹកនាំប្រទេសចំពោះសុខុមាលភាពរបស់ពួកគាត់ ហើយពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបន្ដផ្ដោតការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។
គួរជម្រាបថា បច្ចុប្បន្ននេះបន្ថែមពីមូលដ្ឋានសុខាភិបាលដែលកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យក្រុមការងារចាក់វ៉ាក់សាំង ត្រូវយកវ៉ាក់សាំងចូលទៅចាក់ជូនកម្មករ កម្មការិនីដល់ក្នុងរោងចក្រផ្ទាល់តែម្ដង។ បន្ថែមពីនេះ គោលដៅសាលារៀន និងតាមទីផ្សារ ក៏កំពុងមមាញឹកក្នុងការចាក់វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋដូចគ្នា៕
សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន តាមរយៈបទសម្ភាសនៅខាងក្រោមនេះ៖