(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា អង្គការ IOM កំពុងសហការជាមួយស្ថានទូតខ្មែរប្រចាំនៅឥណ្ឌូនេស៊ី ដើម្បីអន្តរាគមន៍ និងរៀបចំឯកសារ ជួយដល់ពលករខ្មែររងគ្រោះចំនួន៥៤នាក់ នៅប្រទេសឥណ្ឌូនេស៊ី ឱ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ។
កិច្ចការដែលអង្គការ IOM និងស្ថានទូតកម្ពុជា កំពុងធ្វើពេលនេះរួមមាន៖
១. ស្ថានទូតបានបញ្ចប់ការងារជាមួយអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) ដោយអង្គការបានទទួលស្គាល់ថាពលករខ្មែរទាំង៥៤នាក់ ជាជនរងគ្រោះដោយការជួញដូរមនុស្សទៅធ្វើការ ខុសច្បាប់។
២. IOM នឹងរៀបចំទិញសំបុត្រយន្តហោះអោយពលករខ្មែររងគ្រោះទាំង៥៤នាក់ បន្ទាប់ពីការិយាល័យអន្តោប្រវេសន៍ឥណ្ឌូណេស៊ីចេញ លិខិតអនុញ្ញាត។
៣. ស្ថានទូតកំពុងទំនាក់ទំនងស្នើសុំលិខិតអនុញ្ញាត (Exit Permit) ពីការិយាល័យអន្តោប្រវេសន៍ ឥណ្ឌូណេស៊ីដើម្បីឲ្យពលករធ្វើដំណើរ ចាកចេញពីប្រទេសឥណ្ឌូណេស៊ី ដោយស្របច្បាប់។
៤. ស្ថានទូត នឹងចេញលិខិតធ្វើដំណើរបណ្ដោះអាសន្នដល់ពលករទាំង៥៤នាក់ សំរាប់ប្រើប្រាស់ក្នុងការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។
សូមបញ្ជាក់ថា ការងារទាំងអស់នេះ នឹងត្រូវចំណាយពេលប្រមាណ២-៣ សប្ដាហ៍។ បច្ចុប្បន្ន ពលករខ្មែររងគ្រោះចំនួន៥៤នាក់ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីរក្សាទុកនៅកោះ Pontianak ប្រទេសឥណ្ឌូណេស៊ី៕