(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិការសន្តិភាពកម្ពុជា ចង់ឱ្យអ្នកនយោបាយនានានៅក្នុងប្រទេសកម្ពុជា សម្តែងការអរគុណដល់សន្តិភាពក្នុងប្រទេសនេះ និងគោរពដឹងគុណចំពោះអ្នកដែលបានកសាងឡើងដោយ លោកស ំដៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ លោក សួន សេរីរដ្ឋា បានលើកឡើងដូច្នេះថា៖ «បើអ្នកគឺជាអ្នកនយោបាយនោះ គឺអ្នកត្រូវតែទទួលស្គាល់នូវគុណតម្លៃដ៏ធំធេងនៃសន្តិភាពនេះជាដាច់ខាត ព្រមទាំងគ្រប់គ្នាអ្នកនយោបាយ ត្រូវតែអរគុណសន្តិភាព និងឱនក្បាលគោរពដឹងគុណអ្នកកសាងសន្តិភាព ដែលលោកបានលះបង់ពលីគ្រប់យ៉ាងដើម្បីយកសន្តិភាពពិតប្រាកដមួយនេះមកជូនអស់លោកអ្នកនយោបាយគ្រប់គ្នា និងប្រជាពលរដ្ឋ ដើម្បីឱ្យមានការបោះឆ្នោត ការប្រកួតប្រជែងការបោះឆ្នោត និងការឃោសនាសម្រាប់ការបោះឆ្នោត ប្រកបដោយបរិយាកាស សេរី យុត្តិធម៌ គ្មានភាពភ័យខ្លាច ហើយអាចមានការជួបជុំ លើកស្លាកគណបក្សនយោបាយបានគ្រប់ទីកន្លែង»។

កម្ពុជាឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរយៈពេលជាង៣ទសវត្ស ចាប់តាំងពីរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ នៅថ្ងៃទី១៨មីនា ឆ្នាំ១៩៧០។ ពលរដ្ឋកម្ពុជាបានស្គាល់ភាពរងទុក្ខវេទនាធ្ងន់ធ្ងរបំផុត រហូតបាត់បង់ជីវិតជិត៣លាននាក់ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយរបបនេះដួលរំលំ កម្ពុជាក៏នៅតែបន្តមានជម្លោះប្រដាប់អាវុធបន្តបន្ទាប់រហូតដល់ ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាត្រូវបានទទួលស្គាល់ថា មានសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលរហូតមកដល់ពេលនេះកម្ពុជាបានស្គាល់សន្តិភាពជាង២៤ឆ្នាំមកហើយ។

លោក សួន សេរីរដ្ឋា បានលើកឡើងថា សន្តិភាព គឺជាគ្រឹះតែមួយគត់ សម្រាប់ធានាឱ្យមានបរិយាកាសរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយសន្តិភាពក៏ជាផ្លូវតែមួយគត់ ដើម្បីឱ្យដំណើរនៃលទ្ធិប្រជាធិបតេយ្យកើតមានឡើង ជាមួយនឹងការគោរពសិទ្ធិមនុស្ស។

ជាមួយគ្នានេះដែរ លោកបានចោទជាសំណួរថា បើគ្មានសន្តិភាព ហើយប្រទេសជាតិនៅស្ថិតក្នុងភ្លើងសង្គ្រាមនោះ តើមានការបោះឆ្នោតយ៉ាងដូចម្តេច? ហើយលទ្ធិប្រជាធិបតេយ្យអាចកើតឡើងកើតក្នុងភ្លើងសង្គ្រាមដែរ ឬទេ? ជាមួយគ្នានោះ តើគេអាចលើកយកបញ្ហាសិទ្ធិមនុស្សមកនិយាយ ឬក៏បង្កឱ្យមានការគោរពសិទ្ធិមនុស្ស នៅខាងមុខចន្លោះចុងអាវុធដែលកំពុងប្រយុទ្ធគ្នាបានទេ?។

លោកបញ្ជាក់ទៀតថា៖ «វាមិនថោកទាបទេ ដែលអ្នកនយោបាយ ឬមេដឹកនាំនយោបាយគ្រប់គណបក្សទាំងអស់ ដែលកំពុងធ្វើនយោបាយក្រោមម្លប់សន្តិភាព ក្នុងប្រទេសកម្ពុជា ព្រមទទួលយកការពិតដោយសម្ដែងការអរគុណសន្តិភាព និងគោរពចំពោះអ្នកកសាងសន្តិភាព ដែលជា អគ្គមគុទ្ទេសក៏សន្តិភាពនៃកម្ពុជានោះ»

លោកបន្តថា ផ្ទុយទៅវិញបើអ្នកនយោបាយ ឬមេដឹកនាំបក្សនយោបាយណាមួយទទួលស្គាល់ការពិតនេះជាសាធារណៈនោះ គេនឹងទទួលបាននូវការគោរពពីប្រជាពលរដ្ឋខ្មែរ យុវជនខ្មែរយ៉ាងច្រើនលើសលុបដែលកំពុងរស់ទទួលផលពីសន្តិភាពនាពេលបច្ចុប្បន្ននេះ។ តែបើពួកគេនៅតែបន្តយកសន្តិភាព ដែលកម្ពុជាមានបច្ចុប្បន្នធ្វើជាសត្រូវនយោបាយរបស់ក្រុមបក្សនយោបាយរបស់ពួកគេនោះ ពួកគេមិនខុសពីក្រុមពពួកមារ ដែលតាមផ្ចាញ់ព្រះ តែទីបញ្ចប់ត្រូវរលាយខ្លួនឯងនោះទេ៕