(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន លេខាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការសាខាគណបក្ស ភព.៧ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៅមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ ដើម្បីពិគ្រោះយោបល់លើការងារចាត់តាំងអនុវត្តផែនការសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅដណ្តើមជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខាគណបក្ស ភព.៧ ទាំងអស់ ដែលបានខិតខំបំពេញការងារ និងទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក។

លោក ជិន ប៊ុនធឿន បានគូសរំលេចដែរថា ពីកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខបក្ស បានខិតខំដោះស្រាយរាល់ការលំបាកជាតិ ដើម្បីធានាបានភាពសុខសាន្តរបស់ជាតិ និងប្រជាជន។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ «ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ការងារលំបាក ឬងាយស្រួលយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជាយេីង តែងតែទទួលបានជោគជ័យជានិច្ចដោយសារមានកម្លាំងមហាជន ប្រជាជនចូលរួមគាំទ្រតាមរយៈទង្វេីល្អរបស់មន្ត្រីបក្សគ្រប់រូប ជាពិសេសបំផុតវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា»។

លោកប្រធាន ក៏គូសរំលេចនូវតួនាទីយ៉ាងសំខាន់របស់គណបក្សប្រជាជកម្ពុជា ក្នុងបុព្វហេតុថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ សង្គមជាតិ និងជំរុញឱ្យមន្ត្រីបក្សគ្រប់រូបត្រូវខិតខំកសាងពង្រឹង និងពង្រីកសមាជិកបក្សបន្ថែម តាមទិសស្លោក «រក្សាចាស់បង្កើនថ្មី» ដោយត្រូវធានាឱ្យបានទាំងបរិមាណ និងគុណភាព គឺសមាជិកបក្ស១រូប ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក៕