(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), មជ្ឈមណ្ឌលផលិតភាពកូរ៉េ (KPC) និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានរៀបចំសន្និសីទចែករំលែកពីបច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មី (Startup Technology Sharing Conference) នៅ The Factory Phnom Penh ដោយមានការចូលរួមពីអ្នកបច្ចេកវិទ្យាមួយចំនួន និងអ្នកធ្វើធុរកិច្ចថ្មីចំនួន២០ក្រុម និស្សិត និងសិស្សានុស្សិតមកពីវិទ្យាល័យនៅភ្នំពេញ និងនៅតាមខេត្ត។
លោក រ៉ូ ហ្យុនជន (Rho Hyunjun) នាយក KOICA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាឌីជីថលមានសក្តានុពលក្នុងការជួយសម្រួល ដោះស្រាយបញ្ហាការងារអោយកាន់តែមានប្រសិទ្ធភាព និងលើកកំពស់គុណភាពជីវិត។ លោកបន្តថា នេះជាលើកទី២ នៃការរៀបសន្និសីទចែករំលែកពីបច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មី (2nd Startup Technology Sharing Conferece) ដើម្បីចែករំលែកពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតអាជីវកម្មថ្មី។
លោក កៀន តាក់ សាកលវិទ្យាធិការរង តំណាងលោក ជេត ជាលី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា ព្រឹត្តិការណ៍នៅថ្ងៃនេះ ជាបរិយាកាសមួយល្អស្របពេលនៃការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ហើយកម្ពុជាបានផ្លាស់ប្តូរទិដ្ឋភាព សេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ លោកបន្ថែមថា នៅពេលនេះកម្ពុជាបាននឹងកំពុងរៀបចំបង្កើតនូវប្រព័ន្ធអេកូឡូស៉ី សម្រាប់ដំណើរការសេដ្ឋកិច្ចឌីជីថល ហើយជាពិសេស គឺដើម្បីជំរុញសេវាកម្មនិងឧស្សាហកម្មដោយប្រើប្រាស់បច្ចេកវិទ្យា ក៍ដូចជាអាជីវកម្មធុរកិច្ចផងដែរ។
លោក កៀន តាក់ បានបន្ថែមផងដែរថា អាគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC - National Incubation Center of Cambodia) នឹងលេចរូបរាងនៅក្នុងបរិវេណសកលវិទ្យាលភូមិន្ទភ្នំពេញ នៅឆ្នាំ២០២៣ និងជាកន្លែងមួយដែល សិស្សិ និស្សិត អ្នកជំនាញខាងបច្ចេកវិទ្យានិងជំនួញ អ្នកធុរកិច្ចថ្មី និងអ្នកវិនិយោគ អាចមកជួបជុំនិងពិភាក្សាបាន។
ស្របពេលជាមួយគ្នានេះ លោក ស៊្រុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនឯកជន និងធុរកិច្ចថ្មីចំនួន២០ក្រុម ដែលបានចូលរួមចែករំលែកបទពិសោធន៍ និងផលិតផលរបស់ខ្លួនសម្រាប់ព្រត្តិការណ៍នៅថ្ងៃនេះ ជាពិសេសសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានជួយសម្របសម្រួលដល់សិស្សានុស្សិតពីវិទ្យាល័យនៅភ្នំពេញ និងនៅខេត្តផ្សេងៗ អាចមកចូលរួមក្នុងកម្មវិធីនេះផងដែរ៕