(ព្រះវិហារ)៖ ស្របពេលថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជិតចូលមកដល់ គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីបានចាប់ផ្តើមបង្កើនសកម្មភាពការងាររបស់ខ្លួន ដើម្បីទាក់ទាញការចាប់ អារម្មណ៍ពីប្រជាពលរដ្ឋ ដោយបានរៀបចំយ៉ាងស្អាតនៅតាមទីស្នាក់ការ ក៏ដូចជាការលើកស្លាកសញ្ញាគណបក្សនៅតាមទីសាធារណៈនានាជដើម។ ដោយឡែក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច បច្ចុប្បន្ននេះ ក៏កំពុងបញ្ចេញនូវសកម្មភាពការងាររបស់ខ្លួននៅទូទាំងប្រទេសផងដែរ។

ជាក់ស្តែងលោក សៅ សាថា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាស្រុកគូលែន ចុះជួយឃុំស្រយ៉ង់ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃនេះថា យោងតាមសំណូមពររបស់សមាជិកសមាជិកាយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកគូលែន, យុវជនគណបក្សប្រជាជនឃុំស្រយ៉ង់ ក៏ដូចជាសកម្មជនយុវជនភូមិរំចេក និងសកម្មជនយុវជនភូមិព្រៃកោល បានចុះសហការគ្នាលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ចំនួន១០ផ្ទាំងនៅតាមទីប្រជុំជនក្នុងភូមិរំចេក និងភូមិព្រៃគោល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានខ្នាតទទឹង១,២០ម៉ែត្រ និងបណ្តោយ២,២០ម៉ែត្រ។

លោកបានថ្លែងទៀតថា ក្រៅពីការចុះលើកស្លាកសញ្ញាគណបក្ស ក្រុមការងារបានផ្តល់អាវយឺគណបក្សប្រជាជនកម្ពុជាចំនួន១០០អាវ និងបានពិសារអាហារសាមគ្គីជាមួយគ្នាដោយភាពស្និតស្នាល។ លោកក៏ថ្លែងអរគុណដល់លោក ម៉ៅ ទេព អនុប្រធានលេខាធិការដ្ឋានយុវជនគណបក្សខេត្ត លោក គឹម ចាន់ធី សមាជិកយុវជនស្រុកចុះជួយឃុំស្រយ៉ង់ យុវជនឃុំ និងសកម្មជនយុវជនភូមិរំចេក ភូមិព្រៃកោលនិងលោក ខាត់ សូរិន ដែលបានចូលរួមឧបត្ថម្ភថវិកា ក្នុងសកម្មភាពចុះលើកស្លាកគណបក្សនាឱកាសនេះ។

លោក សៅ សាថា ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងភូមិរំចេកនិងភូមិព្រៃគោល ឃុំស្រយ៉ង់ ស្រុកគលែន សូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសរបស់យើង ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ស្របតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស៕