(បន្ទាយមានជ័យ)៖ លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារក្រុមហ៊ុនអ៉ីអុបទិចខេមបូឌា E-OPTIC campodia ចុះពិនិត្យភ្នែក និងកាត់វ៉ែនតាជូនពលរដ្ឋចំនួន២០០នាក់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការចូលរួមពីសំណាក់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក គឹង វណ្ណៈ អភិបាលរងខេត្ត, លោក កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្ត, លោក អែម សុខា អភិបាលស្រុកថ្មពួក និងក្រុមការងាររបស់ក្រុមហ៊ុនអ៉ីអុបទិចខេមបូឌា E-OPTIC campodia។
លោក អ៊ុ រាត្រី បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសជាតិប្រកបដោយការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យក្រោមម្លប់សន្តិភាព ហើយទីណាមានការលំបាក និងមានបញ្ហាប្រឈមផ្សេងៗទីនោះមានវត្តមានរបស់គណបក្សប្រជាជន។
លោកបានបន្តថា លោក ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តព្រៃវែង បានអនុញ្ញាតឱ្យក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ រៀបចំកម្មវិធីវាស់ភ្នែកកាត់វែនតា ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកថ្មពួកចំនួន២០០នាក់។
សម្រាប់ប្រជាពលរដ្ឋដែលបានមកទទួលនាពេលនោះ សុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ ដែលពួកគាត់ទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់នាពេលនេះ។
លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ និងបានបង្ហាញនូវមនោសញ្ចេតនាស្រឡាញ់រាប់អាន លើកទឹកចិត្តដល់កងកម្លាំងទាំង៣ប្រភេទ ដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋជាដើម៕