(ស្វាយរៀង)៖ ម៉ូតូហុងដា C-125 មួយគ្រឿង បានបោលទៅព្រលះជាមួយរថយន្តកុងទឺន័រមួយគ្រឿងដែរ បណ្ដាលឱ្យអ្នកបើកបរ ម៉ូតូពីរនាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះខាងលើមានឈ្មោះ មាស វត្ថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ និងបានឌុបបុរសម្នាក់ទៀតឈ្មោះ យស់ ចំរើន អាយុ២២ឆ្នាំ មុខរបរកម្មករ អ្នកទាំង២រស់នៅភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកឯអ្នកបើក រថយន្តមិនស្គាល់អត្តសញ្ញាណទេ ព្រោះរត់បាត់ស្រមោលឈឹង។  

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូម៉ាក HONDA DREAM C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-6148 បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកប៉ះនឹងរថយន្តកុងទឺន័រ មួយគ្រឿងម៉ាក NISSAN DIESEL ពណ៌បៃតង ស្លាកលេខ ភ្នំពេញ 3B-6855 លាន់ដូចរន្ទះ បណ្ដាលឱ្យអ្នកបើកបរម៉ូតូទាំងពីរនាក់ រងរបួសធ្ងន់។ ចំណែកអ្នកបើកបររថយន្ត បានបើករថយន្តគេចចេញពីកន្លែងកើតហេតុក្រោយមកក៏បានឈប់រត់គេចខ្លួនបាត់ស្រមោល សូន្យឈឹង បន្សល់ទុកតែរថយន្ត។

ក្រោយពីបានកើតហេតុភ្លាម ជនរងគ្រោះទាំងពីរ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯវត្ថុតាងទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ច្រកម្ទេស ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕