(កំពង់ស្ពឺ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២នេះ ចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បន្តចុះស្រាវជ្រាវ រកប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងចែកអំណោយមនុស្សធម៌ ជូនពួកគាត់ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា បានចំនួន២១៦គ្រួសារទៀត រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ពិធីសំណេះសំណាល និងចែកអំណោយនេះបានធ្វើឡើង នៅទីតាំងចំនួន៣កន្លែង គឺ៖ ទីតាំងទី១ សម្រាប់ប្រជាពលរដ្ឋ៩០គ្រួសាររស់នៅភូមិចំនួន៦ នៃឃុំសង្កែសាទប, ទីតាំងទី២ សម្រាប់ប្រជាពលរដ្ឋ៥៦គ្រួសារ រស់នៅភូមិចំនួន៧ នៃឃុំរស្មីសាមគ្គី និងទីតាំងទី៣ សម្រាប់ប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិព្រៃធំ នៃឃុំរស្មីសាមគ្គី។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស, លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹក ចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅតំបន់ដាច់ស្រយាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញចុះមកសួរសុខទុក្ខ ប្រជាពលរដ្ឋកាលពីពេលកន្លងទៅ។

លោកស្រីបានថ្លែងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពជាក់ស្តែង ស្វែងរកប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាក ជូនប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ»

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ បានប្រោសប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឱ្យកាកបាទក្រហមកម្ពុជា អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌ បានដូចនាពេលនេះ។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រីក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ឬក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យើងបាន ហើយបានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

លោកស្រីក៏បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាម ដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាព នៅក្នុងប្រទេសយើងដើម្បីការអភិវឌ្ឍបន្តទៅមុខទៀត។ ទន្ទឹមនឹងការអភិវឌ្ឍផ្លូវថ្នល់បានស្អាតល្អស្ទើរគ្រប់ទីកន្លែងនោះ លោកស្រី ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ន គិតគូរពីសុវត្ថិភាពចរាចរណ៍គ្រប់ពេលវេលា ហើយក៏សូមចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាព ជៀសវាងគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សា ដើម្បីភាពសុខដុមរមនា ក្នុងក្រុមគ្រួសារផងដែរ។

ចំពោះលោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់វិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមប្តេជ្ញាចិត្តចូលរួមការពារសុខសន្តិភាពឱ្យបានជាដាច់ខាត ព្រោះថាលោកយាយលោកតាធ្លាប់បានឆ្លងកាត់សង្គ្រាម ក្តីវិនាសព្រាត់ប្រាស់ ដែលមិនចង់ឱ្យហេតុការណ៍នេះកើតឡើងទៀតទេ។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ជែលលាងដៃ១ដប, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា២ម៉ឺនរៀល៕