(ភ្នំពេញ)៖ រយៈពេលជិត៣០ឆ្នាំមកហើយ ដែលគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសប្រកបដោយសន្តិភាព ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាគឺកើតចេញពីកម្លាំងគាំទ្រពិតប្រាកដរបស់ប្រជាជនតាមរយៈការបោះឆ្នោតគ្រប់ៗអាណត្តិ ពោលគឺមិនមែនកើតចេញពីការផ្ដួលរំលំដោយការធ្វើសង្គ្រាម ឬរដ្ឋប្រហារនោះឡើយ។

នេះជាការអះអាងរបស់លោកបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសូទិប នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។

ភ្ជាប់ជាមួយការលើកឡើងអំពីការខិតខំរបស់បក្សប្រជាជនក្នុងការដឹកនាំប្រទេសប្រកបដោយសន្តិភាព លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកើតចេញពីការគាំទ្រ និងឆន្ទៈរបស់ប្រជាជនតាមរយៈការបោះឆ្នោតស្របច្បាប់ មិនមែនកើតចេញពីការផ្ដួលរំលំដោយការធ្វើសង្គ្រាម ឬការធ្វើរដ្ឋប្រហារនោះឡើយ»

នាឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានអំពាវនាវដល់ប្រជាពលរដ្ឋសូមត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦នៃព្រឹទ្ធសភា ដែលនឹងធ្វើឡើងនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នៃរដ្ឋសភា ឆ្នាំ២០២៣។

លោកបណ្ឌិត ម៉ា ឈឿន ក្នុងនាមសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ បានបន្តថា គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន គឺតែងប្រកាន់ខ្ជាប់នូវការការពារសន្តិភាពជាធំលើសអ្វីៗទាំងអស់ ដូច្នេះសូមប្រជាពលរដ្ឋបោះឆ្នោតជូនបេក្ខភាពរបស់គណបក្សប្រជាជន ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីចូលរួមការពារសន្តិភាពឱ្យបានយូរអង្វែង និងបន្តការអភិវឌ្ឍតទៅមុខទៀត។

លោកបណ្ឌិត ម៉ា ឈឿន ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចសូមបន្តអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ការពារសន្តិភាពឱ្យខាងតែបាន ដើម្បីជួយឱ្យប្រជាជនប្រកបមុខរបរប្រចាំថ្ងៃបានសុខស្រួល ពិសេសនៅពេលបោះឆ្នោតសកលខាងមុខ ត្រូវយកចិត្តទុកដាក់ការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ឱ្យបានល្អ ដើម្បីឱ្យដំណើរការទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោតប្រកបដោយរលូន តម្លាភាព ឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យពិតប្រាកដ។

ចំពោះការសាងសង់អគារស្នាក់ការបក្សឃុំសូទិប បើតាមលោក ឆាយ វ៉ាន់ស៉ី ប្រធានគណៈកម្មាធិការគណបក្សបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃបានឱ្យដឹងថា អគារស្នាក់ការបក្សឃុំសូទិបនេះត្រូវបានសាងសង់ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងបានស្ថាបនារួចរាល់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ជាមួយទំហំ៨៤៨ម៉ែត្រការ៉េ៕