(ស្ទឹងត្រែង)៖ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ គឺជាមេដែកដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងខេត្តស្ទឹងត្រែង និយាយឱ្យចំគឺជាទីបណ្ដុំទស្សនីយភាពដ៏ស្រស់ត្រកាលតាមដងទន្លេមេគង្គលើ ដូចជា ទីតាំងប្រវត្តិសាស្ត្រ ទីប្រជុំកោះ ដងទន្លេ ព្រៃលិចទឹក ថ្មប៉ប្រះទឹក ថ្មកំបោរ សត្វស្លាប់រាប់រយប្រភេទ ឆ្នេរខ្សាច់លើកោះ ម្ហូបអាហារក្នុងតំបន់ និងផលិតផលទេសចរណ៍ជាច្រើនទៀត។

ឈរបង្អួតសម្រស់នៅតាមដងទន្លេមេគង្គលើ សហគមន៍អេកូទេសចរណ៍នេះស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦។ វិសាលភាពនៃសហគមន៍នេះ គឺជាផ្នែកមួយនៃតំបន់រាមសា ដែលជាប់ឈ្មោះថា «ក្នុងចំណោមដើមឈើនៅលើដងទន្លេងមេគង្គដែលចំណាស់ និងធំៗជាងគេ គឺនៅតំបន់រាមសានេះឯង»

លោក គង់ ចាន់ធី ប្រធានសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ បានឱ្យដឹងថា សក្ដានុពលទេសចរណ៍នៅក្នុងសហគមន៍នេះមានច្រើន ដូចជា ការទស្សនានិងឈ្វេងយល់អំពីស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយ ដែលជាទីតាំងប្រវត្តិសាស្ត្រនាសម័យសង្គមរាស្ត្រនិយម ជិះទូកគយគន់ទេសភាពទីប្រជុំកោះ ដងទន្លេ ព្រៃលិចទឹក ជិះទូកកាណូតទស្សនាថ្មប៉ប្រះទឹក ថ្មកំបោរ សត្វស្លាប់រាប់រយប្រភេទ សម្រាកកម្សាន្តនៅលើឆ្នេរខ្សាច់លើកោះ ភ្លក្សរសជាតិម្ហូបអាហារក្នុងតំបន់ ជិះទូកកាយ៉ាក់អុំលេងកម្សាន្តនៅតាមដងទន្លេ និងផលិតផលទេសចរណ៍ជាច្រើនទៀត។

ក្នុងចំណោមនោះដើមឈើមួយចំនួនដែលអាស្រ័យនៅតាមដងទន្លេ និងនៅតាមកោះ គឺពិតជាមានភាពទាក់ទាញ ដូចជា ដើមរំចេង ដើមជ្រៃពោធិ៍ ដើមរាំងទឹកជាដើម ដែលឫសរយាង ឬឫសស្បៃរបស់ពួកវា មានសភាពសិតអន្លាយទៅតាមលំហូរទឹក បង្កើតបានជាទស្សនីយភាពគួរជាទីប្លែកភ្នែក។

លោក គង់ ចាន់ធី បានបង្ហាញអំពីសេវាកម្មដែលសហគមន៍ផ្ដល់ជូនភ្ញៀវទេសចរ ដូចជា៖
* សេវាកម្មជិះទូក៖ ទូក១តម្លៃ៤០,០០០រៀលទាំងទៅទាំងមក ដែលអាចជិះបានចាប់ពី៤-៧នាក់
* ផ្ទះស្នាក់៖ ម្នាក់៤ដុល្លារក្នុងមួយយប់ ដែលអាចគេងដល់៣នាក់ ក្នុងនោះសហគមន៍មានផ្ទះស្នាក់ចំនួន៥។
* តង់៖ តង់១តម្លៃ៤០,០០០រៀលក្នុងមួយយប់ ដែលអាចគេងបាន២នាក់
* ម្ហូបអាហារ៖ ក្នុងមួយពេលតម្លៃ៤ដុល្លារក្នុងម្នាក់ មានម្ហូប៤មុខ
* ក្រៅពីនេះនៅមានបន្លែ ផ្លែឈើ ដែលសុទ្ធតែរកបាននៅក្នុងភូមិស្រុករបស់ប្រជាជន។

ប្រធានសហគមន៍រូបនេះបានបន្តថា បច្ចុប្បន្ន សហគមន៍មានសមាជិកចូលរួមដោយផ្ទាល់សរុបជាង៤០គ្រួសារ និងមានអ្នកទទួលផលដោយប្រយោលជាច្រើននាក់ទៀត។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេសសូមមកទស្សនាកម្សាន្តនៅសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយនេះឱ្យបានច្រើន ដើម្បីចូលរួមលើកទឹកចិត្តដល់ប្រជាសហគមន៍ ដែលពួកគាត់ខិតខំការពារអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ ពិសេសគឺដើម្បីស្វែងយល់អំពីលក្ខណៈពិសេសនៅក្នុងតំបន់ «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»

សូមទស្សនារូបទេសភាពមួយចំនួនដែលលោក អាន គុន្ធធារ៉ា ការីព័ត៌មាន Fresh News ផ្ដិតយកបានក្នុងពេលចូលរួមដំណើរទស្សនកិច្ចសិក្សាជាមួយអង្គការ NTFP-EP ជាមួយក្រសួង-ស្ថាប័ន និងអ្នកព័ត៌មាន សរុបជិត៥០នាក់ នាដើមសប្ដាហ៍ទី៤ ខែមេសា ឆ្នាំ២០២២៖