(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិន, លោក សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន, លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល ស្រាយបួស ខែរ៉ាម៉ាឌន ជាមួយបងប្អូនខ្មែរឥស្លាម សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាព អភិបាល អភិបាលក្រុង-ស្រុក និងបងប្អូនខ្មែរឥស្លាម ទូទាំងខេត្ត នៅវិហារហាយ៉ាទុលអ៉ីស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ថ្លែងក្នុងពិធីនេះ លោក អ៊ី ឈាន បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ពីជីវភាព សុខុមាលភាពគ្រប់កាលៈទេសៈ ដោយមិនបណ្តោយឲ្យបងប្អូនណាម្នាក់ ស្លាប់ដោយសារដាច់ស្បៀងអាហារ ដោយសម្តេចមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។

លោកបន្តថា ពិធីសំណេះសំណាលនាពេលនេះ ធ្វើឡើងដើម្បីបង្កើន ភាពស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរឡើយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិយើង មានការអភិវឌ្ឍ ជាបន្តបន្ទាប់ក្នុងល្បឿន គួរឲ្យមោទនភាពបំផុត។ ដោយឡែក ទឹកដីខេត្តប៉ៃលិន របស់យើងក៏មានឱកាសដ៏ប្រពៃ ពីសន្តិភាព ស្ថិរភាពនយោបាយ ដោយបានទទួលនូវសមិទ្ធផលធំៗ ជាបន្តបន្ទាប់។

លោកបន្ដថា ចំពោះហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ត្រូវបានកសាង និងកែលម្អ ជាបន្តបន្ទាប់ រួមមានផ្លូវក្នុងទីរួមខេត្ត និងផ្លូវជនបទ សួនច្បារ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព អគាររដ្ឋបាល សោភណ្ឌភាព ទីប្រជុំជន ក្នុងក្រុងប៉ៃលិន ព្រមទាំងរមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិនានា សំដៅប្រែក្លាយទឹកដីខេត្តប៉ៃលិន ជាទឹកដីនៃការទាក់ទាញភ្ញៀវទេសចរ ប្រកបដោយ ភាពស្រស់បំព្រង និងផាសុកភាព។

ហេតុដូចនេះ ដើម្បីបន្តនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលកម្ពុជាទទួលបាន នាពេលកន្លងមក លោកសំណូមពរដល់បងប្អូនមានវត្តមាននាពេលនេះ និងផ្សព្វផ្សាយដល់សមាជិក ក្នុងគ្រួសារ សហគមន៍ ដែលគ្រប់អាយុបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសសំណេះសំណាលនាពេលនោះ លោកបាននាំមកនូវស្បៀងអាហារមួយចំនួន សម្រាប់ផ្តល់ជូនក្នុងមួយគ្រួសារៗ អង្ករ មី ទឹកដោះគោ ទឹកក្រូចដប ដំណាប់ល្មើ និងថវិកាមួយចំនួន និងបានជូនពរដល់បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត សូមជួបប្រទះតែសេចក្តីមេត្តា ករុណា សេចក្តីសុខសន្តិភាព សេចក្តីចម្រុងចម្រើន និង សុខដមរម្យនា ពីព្រះអាឡោះជានិច្ចនិរន្តររហូតតរៀងទៅ៕