(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញប្រកាសតែងតាំងលោក ឡាយ សំអឿន ជាអភិបាលថ្មីស្រុកបាភ្នំ ជំនួសលោក ទេព ភារុន ដែលត្រូវផ្លាស់ប្ដូរឱ្យទៅបម្រើ ការងារនៅក្រសួងមុខងារសាធារណៈ ខណៈលោក ឡា សំអឿន និងលោក ហ៊ិន វន្នី ត្រូវបានតែងតាំងជាអភិបាលរងស្រុក។

លោក ឡាយ សំអឿន អភិបាលថ្មីស្រុកបាភ្នំ បានឡើងធ្វើការប្តេជ្ញាចិត្ត ដោយគោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់ ចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសច្បាប់គ្រប់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ និងច្បាប់គ្រប់រដ្ឋបាលឃុំសង្កាត់ សំដៅធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រើនប្រកបដោយគុណភាព មានការចូលរួមគណនេយ្យភាព សមធម៌ និងបរិយាប័ន្ន។

លោកប្តេជ្ញា គោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីសម្រេចបានជោគជ័យ ដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ គោរព និងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ នៅក្នុងរដ្ឋបាលស្រុក។ បន្តវប្បធម៌រក្សា និងបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយជួរថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់នៅក្នុងរដ្ឋបាលស្រុក និងបង្កើនការទំនាក់ទំនងល្អជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងសមាគម អង្គការនានា ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល និងកម្មវិធីជាតិអោយបានជោគជ័យតាមផែនការ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំលោក ឡាយ សំអឿន ដែលទើបទទួលតំណែងថ្មី ក៏ដូចជាអភិបាលរងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ហើយត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ។ លោកជំរុញឲ្យខិតខំធ្វើការងារ ដោយសហការ និងពង្រឹងសាមគ្គីភាពបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំង៣។

លោកអភិបាលខេត្ត ក៏សូមលើកទឹកចិត្តដល់លោកអភិបាលថ្មី អភិបាលរងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតីដោយត្រូវអនុវត្តការងារឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេស ធ្វើយ៉ាងណាឲ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ដំណើរការបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព ដើម្បីឲ្យស្រុកបាភ្នំមានការរីកចំរើនលូតលាស់ បានយ៉ាងល្អប្រសើរថែមទៀត៕