(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានអំពាវអំនាវកម្មករកម្មការនីទាំងអស់នៅខេត្តស្វាយរៀង សូមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ ជាពិសេសបានបង្កើតរោងចក្រសហគ្រាសអាចស្រូបយកកម្មកររាប់ម៉ឺននាក់កំពុងបម្រើការងារ បង្កើនប្រាក់ចំណូល ជីវភាពធូរធារបានមួយកម្រិតផងដែរ។

ការថ្លែងរបស់អភិបាលរងខេត្តស្វាយរៀងបែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២០០នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២២ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាធេន ក្រុងបាវិត ខេត្តស្វាយរៀង។ ពិធីនេះក៏មានការចូលរួមពីមន្ទីរដែលពាក់ព័ន្ធ និងមន្ត្រីដែលពាក់ព័ន្ធនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនផងដែរ។

លោក រស់ ផារិទ្ធ បានបន្តថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់កម្មករកម្មការិនី បានយ៉ាងច្រើនដូចជាកម្មករនិយោជិត ទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ កម្មការិនីទទួលបានប្រាក់ឈ្នួល១២០%, ឈប់សម្រាករយៈពេល៣ខែក្នុងពេលសំរាលកូន និងបានផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មការិនី ក្រោយពេលសំរាលកូនដោយផ្ដល់ជូនកូនម្នាក់ នូវថវិកា៤០ ម៉ឺនរៀល កូន២នាក់ថវិកា៨០ ម៉ឺនរៀល និងកូន៣នាក់ថវិកា១២០០០០០រៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន៥លានរៀលពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងនិយោជកបានបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០%ជំនួសកម្មករនិយោជិតជាដើម។

លោកបានបន្តថា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អាទិភាពខ្ពស់ណាស់សម្រាប់កម្មករកម្មការិនី។ សម្ដេចបានណែនាំឲ្យក្រុមការងារចាក់វ៉ាក់សាំង ពិសេសគណៈកម្មការចំពោះកិច្ច ត្រូវយកវ៉ាក់សាំងនេះចាក់ជូនកម្មករកម្មការិនី ដល់ក្នុងរោងចក្រផ្ទាល់តែម្ដង។ ក្រៅពីការយកចិត្តទុកដាក់គិតគូរដល់សុខមាលភាពកម្មករកម្មការិនីហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរៀបចំចាក់វ៉ាក់សាំងនៅតាមទីផ្សារ និងគ្រឹះស្ថានសិក្សាអប់រំផ្សេងៗផងដែរ សំដៅធ្វើយ៉ាងណាឲ្យភាពស៊ាំសហគមន៍កាន់តែរឹងមាំបន្ថែមទៀត គ្រាដែលរាជរដ្ឋាភិបាលបានដកចេញនូវកាតព្វកិច្ចមួយចំនួន ពិសេសកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។

លោក រស់ ផារិទ្ធ ក៏បានអំពាវនាវដល់កម្មករកម្មការិនី ដែលត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញដូសទី៤ ឲ្យបានគ្រប់ៗគ្នាដើម្បីមានភាពស៊ាំនៅក្នុងសហគមន៍របស់យើង។ សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានជូននូវវត្ថុអនុស្សាវរីយ៍មានសារុង និងថវិកាមួយចំនួនដល់កម្មករកម្មការិនី ដែលបានចូលរួមផងដែរ៕