(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងលោកស្រី អញ្ជើញជាអធិបតីសម្ពោធឆ្លងសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តសាមគ្គីសុខារាម ហៅវត្តច្រករំដេង ស្ថិតនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បើតាមរបាយការណ៍របស់លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា វត្តសាមគ្គីសុខារាម ហៅវត្តច្រករំដេង ស្ថិតនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំបង្កើតឡើង ក្នុងឆ្នាំ១៩៩១ លើផ្ទៃដីប្រមាណ៧,៥០០ម៉ែត្រក្រឡា ឆ្លងការដឹកនាំគ្រប់គ្រងរបស់ព្រះចៅអធិការសរុបចំនួន៩ព្រះអង្គ។

ដើម្បីសម្រួលដល់ការស្នាក់អាស្រ័យរបស់សាមណៈសិស្ស ឲ្យបានសិក្សារៀនសូត្រនៅសាលាពុទ្ធិកបឋមសិក្សា ហេង សំរិន ពញាក្រែក គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តសាមគ្គីសុខារាមទាំងអស់ បានកៀរគរបច្ច័យ មកកសាងបានកុដិថ្ម១ខ្នង ទំហំ១២គុណនឹង២៨ម៉ែត្រ និងសាលាបាលី១ខ្នង ទំហំ៩គុណនិង៤០ម៉ែត្រ ព្រមទាំងចាត់ចែងជាវដីពង្រីកបរិវេណវត្ត តុបតែងលម្អទីធ្លាវត្ត កសាងបដិមាព្រះពុទ្ធទ្រង់ប្រសូត្រ និងទីកន្លែងព្រះអង្គសម្ដែង ធម្មចក្រ។ល។

លោកថា «សមិទ្ធផលទាំងអស់នេះ ចំណាយថវិកាសរុបប្រមាណ ៣៧៨,៣០០ដុល្លារ ឬប្រមាណជាង១,៥៨៨លានរៀល ដែលជាថវិកាទាំងអស់នេះ ទទួលបានពីការចូលរួមពីថ្នាក់ដឹកនាំ និងសប្បុរសសំខាន់ៗពិសេស សម្ដេចមហាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសផងដែរ»។

នាឱកាសនោះលោក វង សូត បានចូលរួមអបអរសាទចំពោះសមិទ្ធផលជាច្រើនដែលបានកើតមានទ្បើងក្នុងទីអារាមនេះ និងបានកោតសរសើរចំពោះស្មារតីសាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរស របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែក កសាងលើក ស្ទួយព្រះពុទ្ធសាសនា។

លោករដ្ឋមន្ត្រី បានលើកឡើងថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មាន ទេពកោសល្យខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមជាមួយនឹងការចូលរួម ដោយប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការអនុវត្តនូវរាល់ការណែនាំរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី វង សូត ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ជាបន្តទៀតនៅក្នុងការដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី ៥ មិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

ចប់ប្រសាសន៍សំណេះសំណាល់លោករដ្ឋមន្ត្រី វង សូត បានប្រគេនបច្ច័យចំនួន២០លានរៀលដល់វត្តច្រករំដេង សម្រាប់បន្តកសាងសមិទ្ធផលនានាបន្ត និងបាននាំយកថវិកា ក្រណាត់ស សារ៉ុង សៀវភៅ ខ្មៅដៃ ដែលជា ជូនដល់លោកយាយ លោកតា និងសិស្សានុសិស្សដែលបានចូលរួមផងដែរ៕