(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានមានឱកាសជួបជុំគ្នាសំណេះសំណាល សួរសុខទុក្ខយ៉ាងសប្បាយរីករាយ ក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាលបន្ថែមទៀត (រវាងអាជ្ញាធរ និងពលរដ្ឋ) ពិសេសការបម្រើសេវាសាធារណៈនានាយ៉ាងល្អប្រសើរ ពីលោកស្រីចៅសង្កាត់ រាជ ផាវឿន សមាជិកក្រុមប្រឹក្សាសង្កាត់ និងមេភូមិផងដែរ។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមើលឃើញថា ការកែលម្អរនៃការផ្គត់ផ្គង់សេវា គឺជាផ្នែកមួយនៃអាទិភាពគន្លឹះរបស់កម្ពុជា។ ការលើកកម្ពស់នៃការផ្គត់ផ្គង់សេវា គឺស្ថិតក្នុងកំណែទម្រង់ ដែលមានទំនាក់ទំនងគ្នា និងកំពុងបន្តអនុវត្ត។ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបច្ចុប្បន្ន ដែលយើងដឹងគ្រប់គ្នា គឺការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ មានគោលបំណងនាំយកការធ្វើការសម្រេចចិត្តនានាទៅជិតប្រជាជនជាអ្នកប្រើសេវាសាធារណៈនេះ។ កំណែទម្រង់រដ្ឋបាលសធារណៈ ដែលផ្តល់រចនាសម្ព័ន្ធគ្រប់គ្រងជាក់លាក់ និងការលើកទឹកចិត្តដល់អ្នកផ្តល់សេវា។ ពិសេស គឺកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនឹងធានាការចែកចាយ និងលំហូរនៃមូលនិធិសម្រាប់ការផ្គត់ផ្គង់សេវាទៅដល់អង្គភាពរដ្ឋាភិបាល៕