(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ (ប្រជុំផ្ទាល់ និងតាមប្រព័ន្ធវីដេអូហ្សូម) របស់ខ្លួនដោយផ្តោតលើរបៀបវារៈចំនួន៣ ដើម្បីពិនិត្យ និងអនុម័ត ក្រោមអធិបតីភាពលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក កែវ សុភា អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ។

កិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីលោក-លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យជុំនាញខណ្ឌទាំង១១ ចៅសង្កាត់ ចៅសង្កាត់រង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនេះដែរ បានផ្តោតលើរបៀបវារៈចំនួន៣ រួមមាន៖

១៖ ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្ដិទី៣។
២៖ ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលខណ្ឌ ក្នុងខែមេសា ឆ្នាំ២០២២។
៣៖ ការពិនិត្យ ពិភាក្សា និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីសេវារដ្ឋបាលប្រចាំខែមេសា ឆ្នាំ២០២២ ជូនមន្ត្រីរបស់រដ្ឋបាលខណ្ឌ៕