(ភ្នំពេញ)៖ មូលនិធិសម្រាប់ស្ត្រីកងកម្លាំងក្នុងប្រតិបត្តិការរក្សាសន្តិភាព Elsie Initiative (the Elsie Initiative Fund) ប្រកាសថា កម្ពុជានឹងទទួលបានមូលនិធិគាំទ្រសម្រាប់អនុវត្តការសិក្សាស្រាវជ្រាវមួយក្នុងគោលបំណងកំណត់កត្តាប្រឈម ឬកត្តារារាំងទាំងឡាយសម្រាប់ការបញ្ជូនស្ត្រី នៅក្នុងកងយោធពលខេមរភូមិន្ទ ចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះបើតាមរបាយការណ៍របស់មូលនិធិ Elsie Initiative ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ។

ប្រទេសកម្ពុជា គឺស្ថិតនៅក្នុងលំដាប់ទី២៥ ដែលបានបញ្ជូនកងកម្លាំងចូលរួមច្រើនជាងគេបង្អស់នៅក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយនាពេលបច្ចុប្បន្នកម្ពុជា មានកងកម្លាំងចំនួន ៧៦៦រូប ដែលក្នុងនោះមាន១៤ភាគរយ ជាស្ត្រីស្ថិតនៅក្នុងកិច្ចប្រតិបត្តិការ។

ក្នុងស្មារតីប្តេជ្ញាចិត្តខ្ពស់ដើម្បីឈានឆ្ពោះឱ្យសម្រេចបាននូវសមភាពយេនឌ័រ កម្ពុជាគ្រោងបាន ២០ភាគរយ គិតត្រឹមឆ្នាំ២០២៤។

គម្រោងគាំទ្រដោយមូលនិធិ Elsie Initiative គូសបញ្ជាក់តាមរយៈការប៉ាន់បង្កើនភាគរយស្ត្រីកងកម្លាំងចូលរួមនៅក្នុងដំណើរការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនូវជំហានមួយសំខាន់នៅក្នុងការប្រែក្លាយការប្ដេជ្ញាចិត្តឲ្យទៅជាសកម្មភាព។ ប្រមាណប្រកប ដោយលក្ខណៈវិទ្យាសាស្ត្រ និងគ្រប់ជ្រុងជ្រោយ គម្រោងនឹងកំណត់កត្តាប្រឈម ឬកត្តារារាំង ក៏ដូចជា ឱកាសជាក់លាក់សម្រាប់ការចូលរួមពេញលេញប្រកបដោយអត្ថន័យរបស់ស្ត្រីនៅ ក្នុងជួរកងយោធពលខេមរភូមិន្ទ។

លទ្ធផលក៏ដូចជាអនុសាសន៍ទទួលបានពីគម្រោងនឹងចូលរួមចំណែកនៅក្នុងការចងក្រងរៀបចំគោលនយោបាយ និងផ្តល់ជាមគ្គុទេសន៍គន្លឹះនៅក្នុងការធ្វើឱ្យប្រសើរ ឡើងសមត្ថភាពស្ថាប័នដើម្បីឆ្លើយតបទៅនឹងកត្តារារាំងដែលបានរកឃើញ ឬកំណត់បាននឹងលើកកម្ពស់ការចូលរួមពេញលេញរបស់ស្ត្រីប្រកបដោយអត្ថន័យ។

ចេញពីប្រទេសមួយដែលមានអាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ (អ៊ុនតាក់) កម្ពុជាបានប្រែក្លាយទៅជាប្រទេសមួយ ដែលសកម្មក្នុងការបញ្ជូនកងកម្លាំងចូលរួមនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប។

ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ៨,៣០២រូប ក្នុងនោះស្រ្តីមានចំនួន ៥៨០រូប នៅក្នុង បេសកកម្មរបស់អង្គការសហប្រជាជាតិចំនួនប្រាំបួនប្រទេស។ នៅក្នុងចំណោមវិស័យអាទិភាពព្រះរាជាណាចក្រកម្ពុជាលើកកម្ពស់តួនាទីស្ត្រីនៅក្នុងភាពជាដឹកនាំ ការរក្សាសន្តិសុខ និងសន្តិភាព។ កម្ពុជាប្ដេជ្ញាចិត្តខ្ពស់លើរបៀបវារៈស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ ដែលជាផ្នែកដ៏ធំមួយនៃកិច្ចខិតខំប្រឹង ប្រែងរបស់យើងនៅក្នុងការរក្សាសន្តិសុខ សន្តិភាពជាសកល ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់ ស្ត្រីនៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្រោយការបញ្ចប់ជម្លោះ ប្រសាសន៍របស់ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមរយៈការប្រើយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កងយោធពលខេមរភូមិន្ទ នឹងបង្កើតក្រុមការងារចម្រុះដែលមានភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការធានាឱ្យសម្រេចបានការអនុវត្តគម្រោងប្រកបដោយ ជោគជ័យ និងធានាឱ្យមានភាពជាម្ចាស់លើលទ្ធផលរបស់គម្រោងផងដែរ។ ក្រុមការងារចម្រុះនឹងមានសមាសភាពចូលរួមមកពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC) ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី និងដៃគូសំខាន់ៗដទៃទៀត នៅក្នុងរដ្ឋាភិបាល។ ពេលស្ថិតនៅក្នុងដំណាក់កាលបញ្ចប់គម្រោងក្រុមការងារចម្រុះនឹងធានាថាអនុសាសន៍ដែលទាញចេញពីការសិក្សាស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលនៅក្នុងគោលនយោបាយ ផែនការសកម្មភាពជាតិ និងកម្មវិធីដែលពាក់ព័ន្ធរបស់ក្រសួងស្ថាប័ននៅក្នុងរដ្ឋាភិបាល។

ស្ថិតក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC) និងកងយោធពលខេមរភូមិន្ទ គម្រោងនឹងត្រូវសម្របសម្រួលដោយការិយាល័យទីភ្ន ក់ងារសហប្រជាជាតិ UN Women នៅកម្ពុជា ដែលជាដៃគូដ៏យូរអង្វែងមួយគាំទ្ររដ្ឋាភិបាលកម្ពុជា នៅក្នុងការបង្កើនភាពអង់អាចដល់ស្រ្តី និងពន្លឿនឱ្យមានសមភាពយេនឌ័រ។ ការិយាល័យទីភ្នាក់ងារ សហប្រជាជាតិ UN Women នៅកម្ពុជានឹងសម្របសម្រួលការអនុវត្តគម្រោង រួមទាំងការជ្រើសរើសវិទ្យាស្ថានស្រាវជ្រាវឯករាជ្យនៅក្នុងការធ្វើការប៉ាន់ប្រមាណកត្តារារាំងដោយប្រើប្រាស់វិធីសាស្ត្រ ក៏ដូចជាឧបករណ៍ដែលហៅថា ការវាស់វែងនូវឱកាសសម្រាប់ស្ត្រីនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព Measuring Opportunities for Women in Peace Operations (MOWIP) ដែលចងក្រងបង្កើតឡើងដោយមជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចវិស័យសន្តិសុខនៅទីក្រុងហ្សឺណែវ (DCAF)។

លោកស្រី Sarah Knibbs ប្រធានស្តីទីនៃការិយាល័យតំបន់របស់ទីភ្នាក់ងារសហប្រជាជាជាតិ UN Women សម្រាប់អាស៊ីប៉ាស៊ីហ្វិច បានលើកឡើងថា «គម្រោងគឺជាចំណុចគោលមួយក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា បង្កើននូវការចូលរួមរបស់ស្ត្រីប្រកបដោយអត្ថន័យនៅក្នុង ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នេះក៏ជាឧទាហរណ៍យ៉ាងសំខាន់មួយអំពីភាព ជាពហុភាគីនៅក្នុងការធ្វើសកម្មភាព»។

«នេះគឺបង្ហាញភាពជាអ្នកដឹកនាំរបស់កម្ពុជានៅក្នុងការប្រែក្លាយស្មារតីប្ដេជ្ញាចិត្តឱ្យទៅជាសកម្មភាពជំហានដំបូងយ៉ាងរឹងមាំដែលនាំឆ្ពោះទៅទទួលបានគោលដៅ។ នេះក៏ស្របពេលផងដែរជាមួយតួនាទី និងអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងឆ្នាំនេះ ដែលផ្ដោតលើការពន្លឿនរបៀបវារៈស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ នៅក្នុងអាស៊ាន។ នាងខ្ញុំ មានជំនឿថា គម្រោងនឹងធ្វើឱ្យមានការសាយភាយលទ្ធផលជាវិជ្ជមានផងដែរនៅក្នុងតំបន់អាស៊ាន និងសង្ឃឹមថាគម្រោងជំរុញលើកទឹកចិត្តដល់បណ្តាសមាជិកអាស៊ានផ្សេងទៀត លោកស្រី Sarah Knibbs បានបន្ថែម»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកស្រី Sarah Knibbs។

តាមរយៈការដឹកនាំដោយបង្ហាញនូវភាពជាគំរូកម្ពុជា គឺស្ថិតនៅក្នុងលំដាប់ទី២ នៃប្រទេសដែលបានបញ្ជូនស្ត្រីកងកម្លាំងរក្សាសន្តិភាពនៅក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន។ ជាមួយនឹងការអនុវត្តគម្រោងនេះ កម្ពុជាមានគោលបំណងលើសពីការសម្រេចបាននូវគោលដៅយេនឌ័រ ១១ភាគរយ គិតត្រឹមឆ្នាំ២០២៤ ដែលកំណត់នៅក្នុងយុទ្ធសាស្រ្តកាត់បន្ថយគម្លាតយេនឌ័រ នៅក្នុង កងកម្លាំងរបស់អង្គការសហប្រជាជាតិ ២០១៨-២០២៨។

មូលនិធិ Elsie Initiative (EIF) បង្កើតឡើងដោយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលប្រទេសកាណាដា នៅក្នុងឆ្នាំ២០១៩ ហើយមូលនិធិ គឺមានលក្ខណៈច្នៃប្រឌិត ជាមូលនិធិពហុភាគី ដែលមានគោលបំណងបង្កើនល្បឿន ឌ្ឍនភាពឆ្ពោះទៅទទួលគោលដៅសូចនាករយេនឌ័រ ដែលស្របជាមួយសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងយុទ្ធសាស្ត្រកាត់បន្ថយគម្លាតយេនឌ័រ នៅក្នុងកងកម្លាំងរបស់អង្គការសហប្រជាជាតិ ២០១៨-២០២៨ Uniformed.Gender. Parity Strategy 2018-2028។

មូលនិធិនេះ ចូលរួមចំណែកដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលី កាណាដា ដាណឺម៉ាក ហ្វាំងឡង់ អាល្លឺម៉ង់ ន័រវែស សាធារណៈរដ្ឋកូរ៉េ និងអង់គ្លេស។ មូលនិធិ Elsie Initiative (EIF) គាំទ្រឱ្យមាននិរន្តភាពនៃការបញ្ជួន និងចូលរួមពេញលេញប្រកបដោយអត្ថន័យរបស់ស្ត្រីកងកម្លាំងរក្សាសន្តិភាព តាមរយៈការផ្ដល់ការគាំទ្រមូលនិធិ៕