(អាមេរិក)៖ ក្រុមហ៊ុន WhatsApp នៅថ្ងៃនេះ បានប្រកាសជាផ្លូវការថា សម្រាប់លោកអ្នកដែលនិយមគាំទ្រ កម្មវិធី WhatsApp នៅពេលនេះ អាចប្រើប្រាស់ជាមួយនឹងកុំព្យូទ័របានហើយ ដោយក្នុងនោះ អាចប្រើបានទាំងនៅលើ Windows និង Mac OS។

យោងតាមសេចក្ដីប្រកាសនៅលើប្លក់ផ្ទាល់ខ្លួន ក្រុមហ៊ុន WhatsApp បានបញ្ជាក់ថា ដើម្បីផ្ដល់ភាពងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ ក្រុមហ៊ុនក៏បានសម្រេចចិត្តបង្កើតនូវកម្មវិធី WhatsApp សម្រាប់ Desktop ឡើង ដើម្បីឲ្យអ្នក​ប្រើ​ប្រាស់ កាន់តែងាយក្នុងការ ទំនាក់ទំនង ទាំងការផ្ញើសារជាអក្សរ​ សំឡេង និងរូបភាព។

ជាមួយគ្នានោះដែរ កម្មវិធី WhatsApp នៅលើ Desktop នេះ តម្រូវឲ្យអ្នកប្រើប្រាស់ប្រព័ន្ធដំណើរការ Windows 8 ឡើង ចំណែក Mac OS ចាប់ពី 10.9 ឡើង ហើយរាល់ការប្រើប្រាស់​វានឹង Syn ជាមួយ​ទូរស័ព្ទដៃរបស់លោកអ្នក។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ មានព័ត៌មានលេចឮមិនទាន់ជាផ្លូវការមកថា WhatsApp នឹងបញ្ចូលមុខងារ Video call ក្នុងពេលឆាប់ៗខាងមុខនេះ៕